លោកប្រធានភូមិរ៉យ ឆ្ងល់ថា តើប្រាក់ថែទាំផ្លូវរយៈពេល ៤ឆ្នាំ មន្ទីរអភិវឌ្ឍន៍ជនបទយកទៅណា?
ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋចំនួន ៣ភូមិ សំណូមពរ ដល់មន្ទីរអភិវឌ្ឍន៍ជនបទ ព្រមទាំងស្ថាប័នពាក់ព័ន្ធ មេត្តាជួយសម្រួលផ្លូវជូនពួកគាត់ផង ពីព្រោះផ្លូវនេះ តាំងពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានកែលម្អរួចរាល់រយៈពេល ៤ឆ្នាំមកហើយ មិនមានការជួសជុលថែទាំនោះទេ ធ្វើឲ្យពួកគាត់លំបាកធ្វើដំណើរខ្លាំងនៅរដូវវស្សា។
ផ្លូវកិចុង.ឯកភាព មានប្រវែង ២៦.០គីឡូម៉ែត្រ ស្ថិតក្នុងស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី ជាគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ ឧបត្ថមដោយមូលនិធិសមាហរណកម្ម ជប៉ុន អាស៊ាន ជាគម្រោងឆ្នាំ ២០១៥ បានកែលម្អរួចរាល់ នៅឆ្នាំ ២០១៦។ បច្ចុប្បន្នផ្លូវនេះត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប្រជាពលរដ្ឋលំបាកក្នុងការធ្វើដំណើរ បន្ទាប់ពីផ្លូវនេះបានកែលម្អរួចរហូតដល់ពេលនេះរយៈពេល ៤ឆ្នាំមកហើយ មិនមានការថែទាំនោះទេ។
លោក រម៉ាស់ ព្លែង មេឃុំកិចុង ស្រុកបរកែវ បានឲ្យដឹងថា ផ្លូវមន្ទីរអភិវឌ្ឍន៍ជនបទក្នុងឃុំកិចុង មានប្រវែង ១២.៥គីឡូម៉ែត្រ ឆ្លងកាត់ ៣ភូមិ គឺភូមិជ្រុង. ភូមិទាន និងភូមិរ៉យ។ ផ្លូវនេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានធ្វើកាលពី ឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ន មិនឃើញមកថែទាំ ឬជួសជុលម្ដងណាទេ។ ធ្វើឲ្យផ្លូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ជាពិសេសលំបាកធ្វើដំណើរនៅរដូវវស្សា ចំណែករដូវប្រាំងវិញហុយខ្លាំង និងមានជង្ហុកជ្រៅៗទៀតផង បើទោះជាលោកបានដាក់សំណើរចូលមន្ទីរអភិវឌ្ឍន៍ជនបទ និងលើកឡើងក្នុងវេទិកាសាធារណៈយ៉ាងណាក៏ដោយ ក៏មិនឃើញគេរវល់អើពើដែរ។
ប្រជាពលរដ្ឋក្នុងភូមិជ្រុង ក៏បានសុំសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ មេត្តាជួយដោះស្រាយបញ្ហាផ្លូវខូចជូនពួកគាត់ផង ពីព្រោះទិន្នផលដែលពួកគាត់ដាំដុះបាន លក់មានតម្លៃទាប ដោយសាផ្លូវលំបាកក្នុងការដឹកជញ្ជូន។ ចំណែកលោក រចំ ផង់ មេភូមិរ៉យ ក៏បានលើកឡើង និងដាក់ចម្ងល់ថា តើលុយថែទាំផ្លូវ គេយកទៅណា បានជាមិនឃើញយកមកចំណាយក្នុងការថែទាំផ្លូវ ដូច្នេះគាត់សំណូមពរ ឲ្យជួយថែទាំជួសជុលផ្លូវនេះផង ពីព្រោះឃើញតែគេថែទាំជួសជុល ត្រឹមតែផ្លូវបរញុកតែប៉ុណ្ណោះ មិនឃើញគេជួសជុលមកដល់ភូមិរបស់ពួកគាត់ទេ រយៈពេល ៤ឆ្នាំមកហើយ។
ដោយឡែកលោក អៀម អឿន ប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទ អ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺណាមួយបានឡើយ ពីព្រោះទូរស័ព្ទចូលជាច្រើនដងមិនមានអ្នកលើក ជូនកាលទូរស័ព្ទចូលហើយ គាត់ប្រាប់ថាជាប់ប្រជុំ។
បើទោះជាយ៉ាងណា បើសិនជាផ្លូវដែលកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដោយក្រសួងអភិវឌ្ឍន៍ជនបទ ហើយប្រគល់ជូនមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរីមែននោះ សូមក្រសួងមេត្តាពិនិត្យលើករណីនេះ ចំពោះមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តរតនគិរីផង៕ ដោយ ហ៊ាង រ៉ាត