រថយន្តមិនស្គាល់ម៉ាក បុកម៉ូតូក្នុងទិសដៅស្របគ្នា បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល២នាក់ នៅស្រុកអូរជុំ
ខេត្តរតនគិរី÷ រថយន្តមួយគ្រឿង បានបើកបុកម៉ូតូក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យអ្នកជិះម៉ូតូ២នាក់ រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង២នឹង៥៥នាទីរសៀល ថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ នៅចំណុចមុខមូលដ្ឋានកងទ័ព លើផ្លូវជាតិលេខ៧៨A ស្ថិតក្នុងភូមិប៉ាអរ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី។
នគរបាលស្រុកអូរជុំបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តមិនស្គាល់ម៉ាក និងម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ រតនគិរី 1E-2343 បើកបរក្នុងទិសដៅស្របគ្នាពីកើតទៅលិច បណ្ដាលឲ្យភាគីម៉ូតូ២នាក់ រងរបួសធ្ងន់ស្រាល។
នគរបាលបន្តថា អ្នកបើកបរម៉ូតូឈ្មោះ វណ្ណា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ បានរងរបួសស្រាល។ រីឯអ្នករួមដំណើរ ត្រូវជាប្រពន្ធមានឈ្មោះ បា ពួច អាយុ៣៣ឆ្នាំ រស់នៅជាមួយគ្នា បានរងរបួសធ្ងន់បាក់ជើងខាងឆ្វេង។
ក្រោយកើតហេតុនគរបាលមូលដ្ឋានចុះមកអន្តរាគមន៍បានទំនាក់ទំនងទៅរថយន្តសង្គ្រោះរបស់ស្នងការខេត្តដឹកបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
ក្រោយពេលកើតហេតុ ភាគីរថយន្តបង្កបានបន្ថែមល្បឿន ដាក់មេប្រូចគេចខ្លួនពីការមិនទទួលខុសត្រូវនៅកន្លែងកើតហេតុ ប៉ុន្តែសមត្ថកិច្ចថា កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវហើយ។
ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ឃុំឯកភាពជាបណ្ដោះអាសន្នដើម្បីស្វែងរករថយន្តបង្កហេតុ៕ដោយ តាជួង