លោកជំទាវ ម៉ែន សំអន ៖ ពន្លឺនៃសន្តិភាព​ បានផ្ដល់នូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

សៀមរាប​ ៖​ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីឆ្លងសាលាបុណ្យ និងសមិទ្ធិផលនានានៅត្រពាំងមហានគរ ស្ថិតភូមិខ្នាច ឃុំពពែល ស្រុកសូត្រនិគម ខេត្តសៀមរាប នាព្រឹកថ្ងៃអង្គារ៍ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។

ថ្លែងក្នុងឱកាសនោះ​ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋក្នុងពិធីទាំងអស់ ក្នុងមនោសញ្ចេតនា នឹករលឹក និងការគិតគូរខ្ពស់ ពីជីវភាពរស់នៅរបស់បងប្អូន។

លោកជំទាវក៏បានបន្តទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឲ្យប្រទេសជាតិមាន សុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។ បច្ចុប្បន្ន វិស័យព្រះពុទ្ធសាសនា ក៏មានការរីកចម្រើន ដែលត្រូវបានរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ និងលើកតម្កើងកាន់តែខ្លាំងក្លាឡើងថែមទៀតទុកសម្រាប់ឲ្យប្រជាពលរដ្ឋកម្ពុជា គោរព ប្រណិបត្តិ ស្របទៅតាមទំនាមទំលាប់ប្រពៃណីរបស់ជាតិទៅថ្ងៃអនាគត។

លោកជំទាវ​ បានបន្ថែមទៀតថា ដោយឡែកនៅតំបន់នេះក៏បានប្រែក្លាយពីតំបន់ដែលមានសង្គ្រាម មកជាតំបន់ដែលមានសក្តានុពលលើផ្នែកកសិកម្ម និងបានជួយឲ្យជីវភាពប្រជាពលរដ្ឋខេត្តសៀមរាប កើនឡើងថែមមួយកម្រិតទៀត។

លោកជំទាវបាន ចាត់ទុកថា សមិទ្ធផល ដែលយើងបានធ្វើបុណ្យឆ្លងនាពេលនេះ គឺដោយសារតែប្រទេសជាតិមាន សុខ​ មានសន្តិភាពក្រោមការអនុវត្តន៍នូវនយោបាយ ឈ្នះ ឈ្នះ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

សូមបញ្ជាក់ថា កម្មវិធីបុណ្យនេះ​ មានរយៈពេល ២ថ្ងៃ គឺថ្ងៃ០៣-០៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលអ្នកផ្តើមបុណ្យ រួមមាន លោកជំទាវកិត្តិសង្គហបណ្ឌិត លោកជំទាវឧកញ៉ា ស៊ុយ សុផាន លោកជំទាវឧកញ៉ា អ៉ឹង ស៊ីស្រ៊ន និងស្វាមីព្រមទាំងក្រុមគ្រួសារ ព្រមទាំង លោកជំទាវជាភរិយាថ្នាក់ដឹកនាំនិងមន្រ្តីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋបានចូលរួមក្នុងកម្មវិធីនេះយ៉ាងច្រើនកុះករ។ នៅបញ្ចប់កម្មវិធី​ ក៏មានបានចែកអំណោយដល់ប្រជាពលរដ្ឋប្រមាណជាង ១.០០០នាក់​ ក្នុងម្នាក់ៗទទួលបានថវិកា​ ៥មុឺនរៀល សារ៉ុងមួយ និងបច្ច័យជិត​ ៣មុឺនដុល្លារសហរដ្ឋអាមេរិក​ សម្រាប់បន្តកសាង និងរាប់បាត្រដល់ព្រះង្ឃជាកិច្ចបង្ហើយបុណ្យ៕

អត្ថបទដែលជាប់ទាក់ទង