លោកជំទាវ ហ៊ុន ម៉ាណា អញ្ជេីញចុះប្រគល់ផ្ទះទេវតាចំនួន ០២ខ្នង ជូនទុរគតជន ចាស់ជរាគ្មានទីពឹង នៅខេត្តព្រៃវែង
រៃវែង ៖ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានកម្មវិធីផ្ទះទេវតា បានដឹកនាំក្រុមការងារ និងសប្បុរសជន អញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន ០២ខ្នង ជាបន្តទៀតជូនដល់ទុរគតជន និងជនចាស់ជរាគ្មានទីពឹង នៅខេត្តព្រៃវែង។
ផ្ទះលេខ២៧១ ត្រូវបានប្រគល់ជូនលោកយាយ ភិន នាង អាយុ៧៥ឆ្នាំ រស់នៅភូមិលេខ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ជាអំណោយរបស់លោកឧកញ៉ា តេង ឡាយ និងលោកជំទាវ នាង ខេង។ ផ្ទះលេខ២៧២ ត្រូវបានប្រគល់ជូនអ្នកមីង លឹម ពា អាយុ៦៤ឆ្នាំ រស់នៅភូមិលេខ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ជាអំណោយរបស់អ្នកស្រី សុីវ ដានី និងគ្រួសារ។
ក្នុងឱកាសនោះ លោកយាយ និងអ្នកមីងដែលទទួលបានអំណោយផ្ទះខាងលើ ក៏បានទទួលអំណោយបន្ថែមពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ។ អំណោយរួមមាន ៖ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ និងថវិកាមួយចំនួន។
ទន្ទឹមនឹងកម្មវិធីសប្បាយរីករាយនេះ លោកជំទាវ ហ៊ុន ម៉ាណា និងក្រុមការងារ ក៏បាននាំយកនូវអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់លោកយាយ លោកតា និងក្មួយៗសិស្សានុសិស្ស ដែលបានចូលរួមអបអរសាទរក្នុងពិធីប្រគល់ផ្ទះទេវតាខាងលើនេះ។ អំណោយរួមមាន សម្ភារៈសិក្សា, នំកញ្ចប់, សំលៀកបំពាក់ រទេះរុញសម្រាប់ជនពិការចំនួន ០៤គ្រឿង និងថវិកាមួយចំនួន៕