ឯកឧត្តម ថោង ខុន ជឿជាក់ថា​ ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក​ នឹងបង្កើនការទាក់ទាញទេសចរ និងអ្នកវិនិយោគឱ្យមកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជាថែមទៀត

កោះកុង​ ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកលើកទី១ ឆ្នាំ២០២០ ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤-០៦ ខែមករានេះ នឹងជួយបង្កើនការផ្សព្វផ្សាយពីផលិតផលទេសចរណ៍ សក្ដានុពលទេសចរណ៍ ក៏ដូចជាបង្កើនភាពទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជាកាន់តែច្រើន ខណៈតំបន់ឆ្នេរសមុទ្រកម្ពុជា​ ក៏កំពុងមានការអភិវឌ្ឍន៍ប្រកបដោយការទទួលខុសត្រូវ។

ការថ្លែងបែបនេះ​ របស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន​ ស្ដីពីព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកលើកទី១ ឆ្នាំ២០២០ នៅតំបន់វិស្សមកាលតារាសាគរ ខេត្តកោះកុង នារសៀលថ្ងៃទី០៣ ខែមករា។

ឯកឧត្តមបានបង្ហាញពីគោលបំណង និងអត្ថប្រយោជន៍មួយចំនួន​ ដែលកម្ពុជារំពឹងទទួលបាន តាមរយៈការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំលំដាប់ថ្នាក់ពិភពលោកមួយនេះ ក្នុងនោះរួមមាន​ ៖

* គោលបំណងទី១​ ៖ ដោយផ្ដើមចេញពីនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍​ ក៏បានក្លាយជាសសរទ្រូងមួយដ៏ចម្បងនៃខឿនសេដ្ឋកិច្ចកម្ពុជា។

បច្ចុប្បន្នតំបន់ឆ្នេរសមុទ្រកម្ពុជា​ បានក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពល និងមានភាពទាក់ទាញសម្រាប់ការវិនិយោគលើវិស័យទេសចរណ៍ និងសម្រាប់ភ្ញៀវទេសចរសម្រាកកម្សាន្ត ដែលពោរពេញទៅដោយផលិតផលទេសចរណ៍ដ៏សម្បូរបែប ពិសេសឆ្នេរខ្សាច់ កោះ ធនធានក្រោមសមុទ្រ តំបន់អេកូទេសចរណ៍ និងតំបន់វប្បធម៌-បេតិកភណ្ឌជាដើម។

ឯកឧត្តម ថោង ខុន បានសង្កត់ធ្ងន់ថា «ការរៀបចំព្រឹត្តិការណ៍កីឡាប្រណាំងកង់ពិភពលោកនេះ ក៏នឹងចូលរួមបង្ហាញពីការរីកចម្រើនរបស់កម្ពុជា​ ដែលជាសមិទ្ធផលនៃសន្តិភាពផងដែរ»។

* គោលបំណងទី២​ ៖ ដើម្បីបង្កើនការផ្សព្វផ្សាយពីផលិតផលទេសចរណ៍ សក្ដានុពលទេសចរណ៍ ក៏ដូចជាបង្កើនភាពទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជាកាន់តែច្រើន។ ព្រឹត្តិការណ៍នេះ​ ក៏អាចនឹងក្លាយជាយន្តការដ៏មានប្រសិទ្ធភាពប្រកបដោយភាពច្នៃប្រឌិត ស្របនឹងទីផ្សារបែបទំនើបនាពេលបច្ចុប្បន្ន។

* គោលបំណងទី៣​ ៖ គឺដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស ក៏ដូចជាជួយពង្រឹងសមត្ថភាពដល់សហព័ន្ធទោចក្រយានកម្ពុជា ក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាឆ្នាំ២០២៣ និងសម្រាប់សម្រាប់ព្រឹត្តិការណ៍នានានៅថ្ងៃអនាគតផងដែរ។

ពិសេសលើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានផ្ដល់ជាអនុសាសន៍សម្រាប់សហព័ន្ធទោចក្រយានកម្ពុជាផងដែរថា នេះជាឱកាសមួយដ៏ល្អសម្រាប់សហព័ន្ធទោចក្រយានកម្ពុជា ត្រូវចាប់យកបទពិសោធន៍ដ៏ល្អ ព្រោះការរៀបចំគឺមានកិច្ចសហការល្អពីសហព័ន្ធប្រណាំងកង់អន្តរជាតិ ហើយក៏មានការចូលរួមត្រួតពិនិត្យពីលោក វ៉ែនណេ ហ្វូម៉ារីអូ (Wayne Pomari) ប្រធានស្នងការគ្រប់គ្រងព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក ជាមួយលោក ប្រ៊ុយណូ ប៊ូដាដ (Bruno Bodard) អគ្គនាយកក្លឹបឆ្នេរស្អាតជាងគេបំផុតលើពិភពលោកផងដែរ។

សូមជម្រាបថា នាថ្ងៃទី០៤ ខែមករានេះ ក្បួនប្រណាំងកង់ពិភពលោក​ នឹងចេញដំណើរពីរមណីយដ្ឋានតារាសាគរឆ្ពោះទៅក្រុងខេមរភូមិន្ទ (ទីរួមខេត្តកោះកុង) ដែលមានចម្ងាយសរុបប្រមាណ ១៥៣.៥គីឡូម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង