ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងថា សកម្មភាពចរាចរណ៍ដឹកឈើ និង បើកដេប៉ូឈើគ្មានច្បាប់មកពីមេព្រៃមិនបើកភ្នែក
កំពង់ឆ្នាំង៖ បច្ចុប្បន្ននេះគេសង្កេតឃើញថាមានសកម្មភាពការដឹកជញ្ជូនឈើគ្រប់រូបភាពក្នុងទឹកដីខេត្តកំពង់ឆ្នាំងចំណែកឯជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធវិញធ្វើមិនដឹងមិនលឺ ហើយពេលខ្លះបែរជាឆ្លើយដោះសារជំនួយអ្នកដឹកឈើទាំងនោះទៅវិញ ។
ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះគេបានសង្កេតឃើញគោយន្តប្រមាណជាង២០គ្រឿង បានដឹកឈើចេញពីទឹកដីខេត្តពោធិសាត់ ឆ្លងកាត់ឃុំក្រាំងស្គារ និងឃុំអភិវឌ្ឃន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង យកទៅលក់អោយឈ្មួញបន្ត ក្នុងនោះគោយន្តដែលដឹកឈើធំៗ មានប្រមាណ១៥គ្រឿង ។
ដោយឃើញសកម្មភាពដឹកជញ្ជូនឈើយ៉ាងប្រសេចប្រសាចយ៉ាងដូច្នេះ អ្នកយកព័ត៏មានយើងបានប្រាប់ទៅលោក សំ ឬទ្ធី នាយផ្នែករដ្ឋបាលព្រៃឈើរមាស ពេលនោះលោកបានអះអាងថា ជាបង្គោលគ្រាក់ (បង្គោលរបង) ទៅវិញ ហើយលោកក្នុងនាមជាមន្រ្តីរដ្ឋបាលព្រៃឈើបែរជាមិនមានវិធានការបង្ក្រាបនិងទប់ស្កាត់បទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បែរជាលោកចំអកទាំងងងើលប្រាប់អោយអ្នកយកព័ត៏មានយើងអោយចាប់ជំនួសគាត់ទៅវិញ។
ពេលទទួលបានការឆ្លើយតបពីលោក សំ ឬទ្ធី នាយផ្នែករដ្ឋបាលព្រៃឈើរមាសយ៉ាងដូច្នេះក្រុមអ្នកយកព័ត៏មានយើងម្នាក់នាំគ្នាគក់ទ្រូងហួសចិត្ត ហើយអ្នកយកព័ត៏មានយើងបានប្រាប់វិញថា យើងខ្ញុំមានតួនាទី តែថតរូបភាព និងរាយការណ៍ជូនជំនាញប៉ុណ្ណោះ រឿងចាប់ មិនចាប់ជាជំនាញរបស់លោក។
បន្ទាប់មកអ្នកយកព័ត៏មានយើងបានរាយការណ៍ជូនលោក
ម៉េង ហាក់ អភិបាល ស្រុកទឹកផុស បន្ត។
សូមរម្លឹកផងដែរថាមិនត្រឹមតែសកម្មភាពដឹកឈើប្រសេកប្រសាចប៉ុណ្ណោះទេចំណែកឯការបើកដេប៉ូលក់ឈើគ្មានច្បាប់ក៍មានដែរនៅក្នុងក្រុងកំពង់ឆ្នាំងឯនេះវិញ ដោយដេប៉ូឈើដែលគ្មានច្បាប់នោះបានបញ្ចេញសកម្មភាពដឹកឈើចូលក្នុងដេប៉ូយ៉ាងគគ្លើនមិនដែលឃើញមានសមត្ថកិច្ចពាក់ព័ន្ធឫជំនាញរដ្ឋបាលព្រៃឈើក្នុងដែនសមត្ថកិច្ចអើពើ ឬធ្វើការបង្ក្រាបនិងទប់ស្កាត់ឡើយ ខណៈមានព័ត៌មានលេចធ្លាយថាសមត្ថកិច្ចនិងមន្រ្តីជំនាញរដ្ឋបាលព្រៃឈើមានការត្រូវរ៉ូវគ្នាបើកភ្លើងខៀវអោយដឹក និងបើកដេប៉ូលក់ដោយគ្មានច្បាប់ជាថ្នូរនិងលាភសក្ការៈដែលជាហេតុនាំអោយមានការកើតឡើងនូវដេប៉ូឈើអត់ច្បាប់ក្នុងក្រុងកំពង់ឆ្នាំងយ៉ាងដូច្នេះ។
មជ្ឈដ្ឋានទូទៅសំណូមពរដល់អាជ្ញាធរក្រុងកំពង់ឆ្នាំង និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់មេត្តាចុះត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលាផង។