សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​បិទមហាសន្និបាតលើកទី៣ អាណត្តិទី៣ សម្ព័ន្ធភាពជាតិសមាគម​ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់

ភ្នំពេញ​ ៖​ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជា​អធិបតី​ភាពដ៏ខ្ពង់ខ្ពស់​ បិទមហាសន្និបាតលើកទី៣ អាណត្តិទី៣ សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារភ្នំពេញ ដោយមាន​ការចូលរួមពី ថ្នាក់ដឹកនាំគណៈប្រតិភូ ក្រុមប្រឹក្សា អភិបាល​រាជធានី-ខេត្ត តំណាងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ព្រមទាំងប្រតិភូមហាសន្និបាត និងភ្ញៀវកិត្តិយជាច្រើនផងដែរ។

សូមបញ្ជាក់ដែរថា មហាសន្និបាតថ្ងៃនេះ គឺធ្វើជាលើកទី៣ ហើយក៏ជា​ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងការបន្តនិរន្តរភាព​ដល់ស្ថាប័នមួយដែលតំណាងឲ្យក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅទូទាំង​ប្រទេស ពោលគឺ “សម្ព័ន្ធភាពជាតិសមាគម​ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលត្រូវបានបង្កើត​ឡើងក្នុងបំណង​លើកកម្ពស់​ឋានៈ និងពង្រឹងការអនុវត្ត​សិទ្ធិអំណាច តួនាទី និងការទទួលខុស​ត្រូវស្របច្បាប់របស់​ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលតំណាងឱ្យផល​ប្រយោជន៍ និងសម្លេងរបស់ប្រជាពលរដ្ឋក្នុង​ដែនសមត្ថកិច្ចរបស់ខ្លួន។

សូមជម្រាបថា សមាគមក្រុម​ប្រឹក្សាថ្នាក់ក្រោមជាតិ​ដែលត្រូវបានទទួលស្គាល់ជាសកល មានតួនាទី ភារកិច្ចសំខាន់ៗរួមមាន​ ៖
១.​ ជាមជ្ឈមណ្ឌលចងក្រងឯកសារ និងប្រមូលផ្ដុំព័ត៌មានអំពីក្រុម​ប្រឹក្សានៅថ្នាក់ក្រោមជាតិ។
២.​ ជាវេទិកាសម្រាប់ផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន គោលនយោបាយ ច្បាប់ លិខិតបទដ្ឋាន និងគោលការណ៍ណែនាំផ្សេងៗរបស់រដ្ឋាភិបាលនៅថ្នាក់ជាតិដល់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិដែលជាសមាជិករបស់សមាគម។
៣​.​ ជាយានសម្រាប់ពាំនាំបញ្ហាប្រឈមនានារបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ដើម្បីជម្រាបជូនរដ្ឋាភិបាលជាតិក្នុងបំណង​ស្វែងរក​ដំណោះ​ស្រាយ។
៤.​ ជាសម្លេងរបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិក្នុងការស្វែងរកការគាំទ្រ និងការការពារផលប្រយោជន៍រួមរបស់ក្រុមប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ។
៥.​ ជាអ្នកផ្តល់សេវាពិគ្រោះយោបល់​ និងការកសាងសមត្ថភាពដល់សមាជិករបស់ខ្លួនជាក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ។
៦.​ ជាយន្តការសម្រាប់ឲ្យក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ចែករំលែក​ចំណេះ​ដឹង មេរៀន និងបទពិសោធន៍ល្អៗ ទាក់ទងនឹងការងារ​អភិបាល​កិច្ច ការងារអភិវឌ្ឍន៍មូលដ្ឋាន និងការផ្តល់សេវាជូន​ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យ​ភាព៕

អត្ថបទដែលជាប់ទាក់ទង