ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសប្បទាបេីកវគ្គបណ្តុះបណ្តាលអំពីអនុសញ្ញា ស្តីពី សិទ្ធិជនពិការដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិកាខេត្តរតនគិរី
នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម លន់សុភាព អភិបាលរងខេត្ត តំណាងឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ (ក.ស.ជ) បានអញ្ជើញជាអធិបតីភាពក្នុងវគ្គបណ្តុះបណ្តាលអំពី អនុសញ្ញាស្តីពីសិទ្ធិជនពិការ ដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តរតនគិរី។
វគ្គបណ្តុះបណ្តាលនេះក៏មានការអញ្ជើញជាអធិបតីភាព ឯកឧត្តម ស្រី ចាន់ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការនិងលោក វង តុន តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា។វគ្គបណ្តុះបណ្តាលនេះដំណើរការទៅរយៈពេល៣ថ្ងៃក្នុងគោលបំណងពង្រឹងសមត្ថភាពនិងចំណេះដឹងដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តរតនគិរីឲ្យក្លាយទៅជាគ្រូឧទ្ទេសនិងអ្នកសម្របសម្រួលប្រកបដោយសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងការចែករំលែកបទពិសោធទាក់ទងនឹងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនពិការ_សំដៅលើកកម្ពស់ការយល់ដឹងនិងជម្រុញការចូលរួមអនុវត្តច្បាប់ ផែនការសកម្មភាពការងារពាក់ព័ន្ធនឹងវិស័យពិការភាព និងការជួយជនមានពិការភាពឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលនេះឯកឧត្តមលន់ សុភាព និងឯកឧត្តម ស្រី ចាន់ បានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឧត្តុង្គឧត្តមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកំពុងស្តារនិងអភិវឌ្ឍមាតុប្រទេស ពិសេសការរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដែលជាឱកាសឲ្យបងប្អូនមានពិការភាពកាន់តែទទួលបាននូវតម្រូវការចាំបាច់នានារបស់មនុស្សជាពិសេសគឺធានាការគោរពសិទ្ធិជាមូលដ្ឋានរបស់បងប្អូនជនពិការ “ដូចជាសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការអប់រំសិទ្ធិធ្វើការងារសិទ្ធិថែទាំសុខភាព និងជាពិសេសសិទ្ធិចេញចូលតាមទីសាធារណៈនានា។ល។ឯកឧត្តមបន្តថារាជរដ្ឋាភិបាលបានបង្ហាញអំពីឆន្ទៈនិងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនមានពិការភាព តាមការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ ដែលបានផ្តល់សច្ចាប័នកាលពី
ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ ចូលជាធរមានសម្រាប់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៣ការប្រកាសឲ្យអនុវត្តទសវត្សរ៍ជនពិការប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកឆ្នាំ២០១៣-២០២២ បន្ថែមលើកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការនៃព្រះរាជាណាចក្រកម្ពុជាដែលមាននិងកំពុងអនុវត្តយ៉ាងសកម្មប្រកបដោយផ្លែផ្កា៕