រង​បួស​ធ្ងន់២នាក់ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្ទឹងត្រែង

(ខេត្តស្ទឹងត្រែង) ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ៧កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៨ នៅត្រង់ចំណុច​ទល់មុខ​វត្ដ​ប្រឡាយ​ខ្លុង ស្ថិត​ក្នុងភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង។
រថយន្ត​កាមរី​គូថ​ហើម​មួយគ្រឿង បាន​បោះពួយ​យ៉ាង​លឿន ដល់​ផ្លូវ​កោង​វាក់​អឺ​រថយន្ត១គ្រឿង​ទៀត រេ​ចង្កូត​ហោះ​ពី​ផ្លូវជាតិ​ធ្លាក់ចូល​ស្នាមភ្លោះ រួច​ហោះ​ឡើងលើ​ផ្លូវ​គ្រួស​ក្រហម ក្រឡាប់​ជាច្រើន​ត្រឡប់ បណ្តាល​ឲ្យ​មនុស្ស​ជិះ​នៅក្នុង​រថយន្ត​ចំនួន២នាក់ រងរបួស​ធ្ងន់។

ជនរងគ្រោះ​ជា​ម្ចាស់​រថយន្ត ដែល​បើកបរ​រថយន្ត​នោះ ឈ្មោះ ផាត សុ​ភ័​ណ្ឌ ភេទ​ប្រុស។ ចំណែក​អ្នករួមដំណើរ​ម្នាក់ទៀត ជាជាង​ឈើ ជនជាតិ​វៀតណាម មិនទាន់​ស្គាល់​អត្តសញ្ញាណ​ឡើយ។

នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក កាមរី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2A-1985 ធ្វើដំណើរ​ចេញពីផ្ទះ​បាន​ប្រហែល៤ទៅ៥គីឡូម៉ែត្រ បោះពួយ​យ៉ាង​លឿន​ឆ្ពោះ​ចូលទៅ​ក្រុង​ស្ទឹងត្រែង។ ខណៈ​រថយន្ត​បើក​មកដល់​ចំណុចកើតហេតុ ដែលជា​ចំណុច​ផ្លូវ​កោង ហើយ​រថយន្ត​មិន​បន្ថយល្បឿន ស្របពេល​រថយន្ត​មួយគ្រឿង​ទៀត​មកដល់​ដែរនោះ ក៏​វ៉ា​ក់​អើ​គ្នា ទើប​រេ​ចង្កូត​ធ្លាក់​ផ្លូវជាតិ​ក្រឡាប់​ជាច្រើន​ត្រឡប់ បណ្ដាល​ឲ្យ​អ្នកជិះ​ក្នុង​រថយន្ត​រងរបួស​ធ្ងន់ធ្ងរ​ទាំងពីរ។

ជនរងគ្រោះ​ទាំង២នាក់ ត្រូវបាន​អ្នកភូមិ​ក្បែរ​នោះ ជួយ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តភ្លាមៗ ៕

អត្ថបទដែលជាប់ទាក់ទង