សម្តេចភក្តី សាយ ឈុំ អញ្ជើញជាអធិបតី ដឹកនាំសម័យប្រជុំលើកទី៤​ ព្រឹទ្ធសភា នីតិកាលទី៤

ភ្នំពេញ​ ៖ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩​ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ដឹកនាំសម័យប្រជុំលើកទី៤​ ព្រឹទ្ធសភា នីតិកាលទី៤ បន្ត ដោយមានវត្តមានសមាជិក សមាជិកា ចូលរួមចំនួន ៥៨រូប និងមានរបៀបវារៈ ៖

១- ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។
២- ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ។
៣- ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្តីពីសហជីពដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។

តំណាងរាជរដ្ឋាភិបាល​ ដែលត្រូវបានចាត់ឲ្យអញ្ជើញចូលរួមការពារសេចក្តីព្រាងច្បាប់ទាំង​ ៣នេះ​ រួមមាន​ ៖
– ក្នុងរបៀបវារៈទី១ និងទី២ ដឹកនាំដោយ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ មន្ត្រីជំនាញចំនួន​ ១៨រូប ។
– និងក្នុងរបៀបវារៈទី៣ ដឹកនាំដោយ ឯឧ អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ ចំនួន​ ១១រូប ។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់គណៈកម្មការជំនាញពាក់ព័ន្ធស្តីពីលទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ទាំង​ ០៣ខាងលើ និងស្តាប់មតិពិភាក្សាផ្តល់យោបល់របស់សមាជិកា សមាជិកអង្គប្រជុំ និងការបកស្រាយបំភ្លឺរបស់តំណាងរាជរដ្ឋាភិបាលរួចមក អង្គប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤ ក៏បានអនុម័តលើខ្លឹមសារទាំងមូល នៃសេចក្តីព្រាងច្បាប់ទាំង​ ០៣ ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ ចំនួន ៥៨សម្លេង​ នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល​ ៕

អត្ថបទដែលជាប់ទាក់ទង