ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជេីញជាអធិបតី ក្នុងពិធីចែកផ្ទះជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ ៖ ពិធីសំណេះសំណាល និងចែកផ្ទះជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ភោធដាក់អោយប្រេីប្រាស់នូវស្រះទឹកតេជោអភិវឌ្ឍន៍ នៅតំបន់ដីសម្បទានសង្គមកិច្ច ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១០កេីត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩។ កម្មវិធីនេះ ក៏មានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ឯកឧត្តម ប៉ែន កុសល អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម មែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកស្រីតំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត បានធ្វេីការថ្លែងអំណរគុណដល់អតីតយុទ្ធជនទាំងអស់ ដែលបានតស៊ូ និងលះបង់ពីអតីតកាល ដេីម្បីការពារប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិទាំងមូល ជាពិសេសឯកឧត្តម បានថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ និងជួយឧបត្ថម្ភជាប្រចាំដល់បងៗ ពូៗ ដែលជាអតីតយុទ្ធជន ហេីយសម្តេចនៅតែជួយ និងគិតគូរជានិច្ចដល់សុខទុក្ខ និងការរស់របស់បងប្អូន។
ឯកឧត្តម ក៏បាននាំយកការសួរសុខទុក្ខពីសម្តេច ក៏ដូចជាអំណោយឧបត្ថម្ភជាច្រីនរបស់សម្តេចដូចជា ស្រះទឹកធំមួយទំហំ ១០០ x ១០០ម កង់១ សម្រាប់ ១គ្រួសារ ថវិកា អង្ករ និងសម្ភារៈប្រេីប្រាស់ជាច្រេីនមុខផ្សេងទៀត ។
ម្យ៉ាងវិញទៀត ឯកឧត្តម ហ៊ុន ម៉ាណែត បានជួយឧបត្ថម្ភជាទឹកប្រាក់ចំនួន ៥០លានរៀល ដេីម្បីទិញថ្នាំលាបផ្ទះ គំរោងជីកស្រះជាច្រេីនបន្ថែមទៀត និងបង្គន់អនាម័យចំនួន ១៨០ ជាពិសេសឯកឧត្តមបានផ្តល់ប្រេងចំនួន ០២មុឺនលីត្រ ឯកឧត្តម ស ថេត ឧបត្ថម្ភប្រេង ០១មុឺនលីត្រ សរុប ០៣មុឺនលីត្រ ដេីម្បីសម្រួលក្នុងការធ្វេីការងារទូទៅ និងប្រេីប្រាស់គ្រឿងចក្រ ដេីម្បីជីកស្រះបន្ថែមជូនអតីតយុទ្ធជន។
ជាកិច្ចបញ្ចប់ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលតែងតែសហការគ្នាបានយ៉ាងល្អ ក្នុងការជួយឧបត្ថម្ភដល់សមាគម និងបានរៀបចំកម្មវិធីនេះសំណេីរការទៅមុខយ៉ាងរលូន និងទទួលបានជោគជ័យ ៕