នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ៖ កម្ពុជាកំពុងតែដេីរលេីផ្លូវត្រូវ ដេីម្បីឈានទៅការលុបបំបាត់មេរោគអេដស៍ ជំងឺអេដស៍
រាជធានីភ្នំពេញ ៖ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ នៅសាលមហោស្រពចតុមុខមានរៀបចំប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ “ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ ជំងឺអេដស៍ “ក្រោមអធិបតីឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជេីញចូលួមពីតំណាងកាកបាទក្រហម ក្រសួង ស្ថាប័ន ជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ យុវជនកាយរឹទ្ធិ កាកបាទក្រហម តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យប្រចាំរាជធានីភ្នំពេញ តំណាងកងកំលាំងទាំងបីប្រភេទសរុបជាង៤០០នាក់។
ក្នុងចំណាប់អារម្មណ៍របស់តំណាងអ្នករស់នៅជាមួយមេរោគអេដស៍ តំណាងសង្គមស៊ីវិល និងតំណាងអង្គសហប្រជាជាតិប្រចាំកម្ពុជាសុទ្ធតែបានលេីកឡេីងពីបទពិសោធន៍ជិវិតនិងភាពជោគជ័យលេីបញ្ហាប្រយុទ្ធនឹងជំងឺអេដស៍ ដោយបានសំណូមពរឲ្យរាជរដ្ឋាភិបាល ដៃគូបន្តគាំទ្រការងារប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា។
ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង ម៉ូលី បានមានប្រសាសន៍ដោយបានស្នេីសុំឲ្យចាត់អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ គឺជាជនរងគ្រោះដែលធ្លាប់បានជួយចូលរួមចំណែកក្នុងការងារកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យទទួលបានការរីកចម្រេីន ហេីយរាល់ការឆ្លេីយតបនិងមេរោគអេដស៍ និងជំងឺអេដស៍ទាំងអស់ត្រូវឈរលេីគោលការណ៍សមធម៌ សមភាពយេនឌ័រ និងសិទ្ធិមនុស្ស។ តាមការសិក្សាតាមបែបវិទ្យាសាស្រ្ត នៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩ អ្នកផ្ទុកមេរោគអេដស៍មានចំនួនប្រមាណ ៧៣.០០០នាក់។
លោកជំទាវ ឃួន សុដារី បានអានសារសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃវេទិកាភាពជាថ្នាក់ដឹកនាំប្រចាំតំបន់អាសុី ប៉ាស៊ីភិចឆ្លេីយតបមេរោគអេដស៍ ជំងឺអេដស៍នៅកម្ពុជានិងការអភិវឌ្ឍនៅកម្ពុជា ដោយបានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍេជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ផ្នែកសាសនាបន្តចូលរួមគាំទ្រអនុវត្តម៉ឺងម៉ាត់នូវផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ ពហុវិស័យឆ្លេីយតបមេរោគអេដស៍ ជំងឺអេដស៍លេីកទី៥២០១៩-២០២៣។
ក្នុងឱកាសនោះ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានប្រសាសន៍ថា កម្ពុជាកំពុងតែស្ថិតនៅលើផ្លូវត្រូវដេីម្បីឈានទៅរកការលុបបំបាត់មេរោគអេដស៍ ជំងឺអេដស៍ “គោលដៅ ៩៥ ៩៥ ៩៥” ដូចបានកំណត់ត្រឹមឆ្នាំ២០២៥ នៅក្នុងប្រទេសយើង និងនៅត្រឹមឆ្នាំ២០៣០ ដោយអង្គការសហប្រជាជាតិ។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានសូមចូលរួមផ្តល់នូវសារមួយចំនួនជូនជនរួមជាតិដូចខាងក្រោម៖
ទី១.ចូលរួមអនុវត្តដោយម៉ឺងម៉ាត់ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣
ទី២.សូមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិនិត្យលទ្ធភាពបន្ត និងពង្រីកការផ្តល់ថវិកាសម្រាប់ការងារអេដស៍ និងសូមក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀតនូវវិធានការទាំងប្រាំមួយ ។
ទី៣. សូមក្រសួង ស្ថាប័ន រាជធានី ខេត្ត ស្រុក ខណ្ឌ ជាពិសេសឃុំ សង្កាត់ត្រូវតែរៀបចំផែនការសកម្មភាព និងលើកសេចក្តីព្រាងថវិកាដើម្បីបង្កើនការចូលរួមឆ្លើយតបគ្រប់ជ្រុងជ្រោយ ទាន់ពេលវេលាទៅនឹងការរាលដាលមេរោគអេដស៍របស់ខ្លួន ។
ទី៤.សូមអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង និង ស្ថាប័នពាក់ព័ន្ធពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកាកបាទក្រហមកម្ពុជាលើការងារឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ ជាមួយនេះត្រូវពង្រឹង និងបង្កើនកិច្ចសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីធ្វើយ៉ាងណាបង្ការ និងទប់ស្កាត់ឱ្យកាន់តែមានប្រសិទ្ធភាពនូវការឆ្លងរាលដាលនៃមេរោគអេដស៍/ជំងឺអេដស៍ ក្នុងចំណោមអ្នកប្រើប្រាស់និងអ្នកចាក់គ្រឿងញៀន។
ទី៥.សូមបងប្អូនសហគមន៍នៃអ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ ក្រុមប្រឈមមុខខ្ពស់នៃការឆ្លងមេរោគអេដស៍ អ្នកស្ម័គ្រចិត្តសុខភាពភូមិ មេភូមិ មេឃុំ ចៅសង្កាត់នៅថ្នាក់មូលដ្ឋានទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងធ្វើការរួមគ្នា សហការគ្នា ដើម្បីទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីបញ្ហាអេដស៍។
ទី៦.គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ គ្រប់សហគមន៍ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងឱ្យកាត់បន្ថយការចម្លងមេរោគអេដស៍ក្នុងចំណោមក្រុមប្រឈមខ្ពស់នឹងការចម្លងមេរោគអេដស៍“ឆាប់ធ្វើតេស្ត ឆាប់ដឹង ឆាប់ព្យាបាល” ។
ទី៧.សូមបងប្អូនប្រជាពលរដ្ឋត្រូវមានភាពស្មោះត្រង់ ស្នេហាប្តីមួយ ប្រពន្ធមួយ ដើម្បីសុភមង្គលក្នុងក្រុមគ្រួសារ សង្គមជាតិ និងកាត់បន្ថយបាន អំពើហិង្សានានា និងការឆ្លងរាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍៕