អភិបាលខេត្តតាកែវ ចាត់ក្រុមការងាររួចស្រេចត្រៀមចាំជួយបងប្អូនរងគ្រោះដោយជំនន់ទឹកភ្លៀងគ្រប់គោលដៅ និងគ្រប់វិនាទី

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាល ខេត្តតាកែវ រួមជាមួយលោកប្រធានមន្ទីរជំនាញជុំវិញខេត្ត នៅព្រឹកថ្ងៃសុក្រ ៨កើត ខែទុយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ២០ ខែកក្តដា ឆ្នាំ ២០១៨នេះ បានចុះត្រួត ពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង នៅស្ពានស្វាយព្រៃ ស្ពានដើមក្រលាញ់ នៅបណ្ដោយផ្លូវជាតិលេខ២ និងត្រួតពិនិត្យការកាយផ្លូវលំដើម្បីរំដោះទឹក នៅខ្នងទំនប់ទឹកដើមក្រលាញ់ ស្ថិតនៅឃុំសឹង្ហ របស​​​់មន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ដើម្បីធ្វើការរំដោះទឹកជួយសង្រ្គោះលំនៅឋាន ដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយទឹកស្ទឹងស្លាគូរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ខណៈពេលដែលអាងស្តុបទឹកពកត្របែក ត្រូវបានបើកបង្ហូរចុះមកក្រោម ដើម្បីរំដោះការជនលិចផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនៅខាងលើ ហើយការរំដោះទឹកចេញពីអាងស្តុបទឹកខ្ពបត្របែកនេះ បានធ្វើអោយមានការជនលិចមកដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងស្លាគូរ យ៉ាងកំហូក ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលមានកូចតូចៗ ចាស់ជរា សត្វចិញ្ចឹម ត្រូវតែរកទីទួលសុវត្តិភាព ដែលក្រុមអាជ្ញាធរបានរៀបចំ ដើម្បីជៀងវាងការកើតមានគ្រោះថ្នាក់ ឬបាត់បង់នៅទ្រព្យសម្បត្តិរបស់ប្អូនប្រជាពលរដ្ឋ ជាពិសេសត្រូវប្រុងប្រយ័ត្នអោយមែនទែនលើសត្វអាសេរពិស និងជម្ងឺឆ្លងផងដែរ ហើយក្នុងពេលនេះ ក្រុមមន្ត្រីជំនាញរបស់យើង រួមមានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរកសិកម្មខេត្ត និងមន្ទីរធនធានទឹក បាននិងកំពុងដុតដៃដុតជើងគ្នា ក្នុងការកាយទំនប់មួយចំនួន ដើម្បីរំដោះទឹកទាំងនោះចេញអោយបានឆាប់រហ័ស បញ្ចៀសការលិចលង់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ។

ក្នុងនោះផងដែរ លោក ណុប នី ប្រធានមន្ទីរសាធារណការខេត្ត បានឲ្យដឹងថា ស្ថានភាពជំនាន់ទឹកភ្លៀង នៅកំណាត់ផ្លូវជាតិលេខ២នេះ គឺមានការថមថយបន្តិចហើយ ពោលគឺមិនមានការលិច ហូរកាត់ ឬក៏ទឹកប្រៀបចិញ្ចើមផ្លូវនោះទេ នៅព្រឹកថ្ងៃសុក្រនេះ ដោយសារតែក្រុមមន្រ្តីជំនាញរបស់មន្ទីរសាធារណៈការ បានកាយទំនប់ទឹកមួយចំនួន ព្រមទាំងកាយកាកសំណល់មួយចំនួនដើម្បីបើកទឹកឲ្យហូរចេញពីតំបន់ជន់លិចកាន់តែល្បឿន និងដោយសារតែមេឃមិនភ្លៀងផងដែរ ប៉ុន្តែផ្លូវជាតិលេខ២នេះ យើងហាមតែរថយន្តធំៗប៉ុណ្ណោះ មិនឲ្យបើរឆ្លងកាត់ ព្រោះទឹកទើបតែស្រកបន្តិច អាចនៅជ្រាយដីនៅខាងក្នុង ដូច្នោះទើបយើងផ្អាករថយន្តធំៗបើរឆ្លងកាត់ ជាបណ្តោះអាសន្នសិន ៕

អត្ថបទដែលជាប់ទាក់ទង