ឯកឧត្តមអភិបាល​ និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកំពត​ អញ្ជើញចូលរួមក្នុងពិធីខួបលើកទី៤១​ របស់សហភាពសហព័ន្ធយុវជនកម្ពុជា

កំពត​ ៖​ នៅព្រឹកថ្ងៃសៅរ៍ ០៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលសន្និសីទខេត្តកំពត​ មានរៀបចំពិធីអបអរសាទរខួបលើកទី៤១ របស់សហភាពសហព័ន្ធយុវជនកម្ពុជា។ ពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពតដោយបានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដា់អាវុធ និងសមាជិក​ សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពតដ៏ច្រើនកុះករ។

ជាការក្រើនរំលឹកក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តមអភិបាល​ នៃគណៈអភិបាលខេត្តកំពត​ បានមានប្រសាសន៍ថា យុវជនទាំងអស់ត្រូវបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែខ្លាំងក្លាឡើងថែមទៀត។ ក្នុងនោះត្រូវបង្កើនសមត្ថភាពផ្នែកចំណេះដឹង ចំណេះធ្វើ និងរៀបចំឥរិយាបថឱ្យបានស័ក្តិសមជាយុវជនគំរូរបស់ប្រទេសជាតិ។ លើសពីនេះ យុវជនត្រូវរួមចំណែកក្នុងកិច្ចការពារសុខសន្តិភាព ស្ថេរភាពនយោបាយ​ ដើម្បីសម្រេចបាននូវចក្ខុវិស័យជាគោលដៅរបស់ប្រទេសកម្ពុជា​ គឺប្រជាពលរដ្ឋនឹងទទួលចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០៕

អត្ថបទដែលជាប់ទាក់ទង