កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ លេខ១១ សរណន ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាល ស្ដីពីការចាត់វិធានការថែរក្សាទឹកទុក
កំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ស្ពឺ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ លេខ១១ សរណន ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាល ស្ដីពីការចាត់វិធានការថែរក្សាទឹកទុក ក្រោមអធិបតីភាពឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ។
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានលើកឡើងថា អាស្រ័យដោយភូមិសាស្ត្រ និងលក្ខណៈពិសេសរបស់ខេត្ត ស្ទើរតែជារៀងរាល់ឆ្នាំគ្រោះទឹកជំនន់ និងគ្រោះរាំងស្ញួត បានគម្រាមកំហែងជាបន្តបន្ទាប់ ជាពិសេសក្នុងឆ្នាំ២០១៨ កន្លងទៅត្រូវជួបប្រទះគ្រោះទឹកជំនន់ចំនួន ០៣លើក ធ្វើឱ្យខូចខាតផលដំណាំចំនួន ៤.៦០០ហ.ត និងគ្រោះរាំងស្ងួតចំនួន ០១លើក នៅក្នុងស្រុកសំរោងទង ចំនួន ០៥ឃុំ និងស្រុកគងពិសីចំនួន ០១ឃុំ ដែលធ្វើឱ្យប៉ះពាល់ដល់សំណាប សន្ទូង និងផលដំណាំផ្សេងៗរបស់ប្រជាកសិករ ហើយបានជះឥទ្ធិពល ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជារាស្រ្តយើងថែមទៀតផង។
ឯកឧត្តមបានបន្តទៀតថា ដោយឡែកក្នុងឆ្នាំ២០១៩ នេះគិតមកដល់បច្ចុប្បន្នកម្រិតទឹកភ្លៀងជាមធ្យមទូទាំងខេត្តមានកម្ពស់ ១០១០.៣មម បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៨ ទាបជាងចំនួន ២៨៩.៩មម ស្រុកដែលទទួលទឹកភ្លៀងតិចជាងគេ មានស្រុកគងពិសី ឯក្រុង ស្រុកចំនួន ០៧ទៀត បានទទួលទឹកភ្លៀងជាមធ្យម ។ ឆ្នាំនេះ ការងារបង្កបង្កើនផលស្រូវរដូវវស្សា ត្រូវជួបការលំបាក និងយឺតយ៉ាវបន្តិចមែន ប៉ុន្តែយើងនូវតែអនុវត្តបានចំនួន ១១៤.៩៩៤ហ.ត ស្មើនឹង ១០១.២៣% នៃផែនការ ១១៣.៦០០ហ.ត លើសផែនការចំនួន ១.២៣% ។ ហើយសម្រាប់ការងារប្រមូលផលស្រូវស្រាល និងស្រូវកណ្តាល យើងទើបតែនឹងអនុវត្តបានចំនួន ១១.០៩១ហ.ត ស្មើនឹង ៩.៦៤% តែប៉ុណ្ណោះ ។ ហើយសង្ឃឹមថា នៅប៉ុន្មានថ្ងៃខាងមុខនេះ យើងនឹងខិតខំធ្វើឱ្យសម្រេចបានទៅតាមផែនការ ។ កន្លងមកយើងតែងជួបបញ្ហាប្រឈមទឹកជំនន់ និងគ្រោះរាំងស្ងួតជារឿយៗ ដែលទឹកជំនន់ទឹកភ្លៀងតែងតែកើតមាននូវពាក់កណ្តាលខែតុលា ដល់ពាក់កណ្តាលខែវិច្ឆិកា នៅតាមតំបន់ក្បែរៗស្ទឹងមានរយៈពេលខ្លីមិនបង្កការខូចខាតធ្ងន់ធ្ងរដល់ដំណាំកសិកម្មឡើយ ។ ហើយគ្រោះរាំងស្ងួត តែងតែជួបប្រទះជារៀងរាល់ឆ្នាំ (កូនរដូវប្រាំងតែងកើតមានចន្លោះពីពាក់កណ្តាលខែកក្កដា ដល់ពាកកណ្តាលខែកញ្ញា) មានស្រុកបី គឺ ស្រុកគងពិសី ស្រុកសំរោងទង ស្រុកភ្នំស្រួច សម្រាប់ឆ្នាំ២០១៩នេះ បរិមាណទឹកភ្លៀងបានតែប្រមាណ ៩០០មម បង្កឲ្យមានផលប៉ះពាល់ដល់ស្រូវប្រមាណពី ៧-៨%។
ទន្ទឹមនឹងនេះដែរ ស្ថិតក្នុងស្ថានភាពការលំបាកនេះ ដោយមានជួយឧបត្ថម្ភជ្រោមជ្រែងពីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានខិតខំប្រឹងប្រែងប៊ូមទឹកជួយអន្តរាគមន៍សង្គ្រោះស្រូវរដូវវស្សាឆ្នាំ ២០១៩នេះ នៅទូទាំង ០៨ក្រុង-ស្រុក ដែលជួបប្រទះគ្រោះរាំងស្ងួតសរុបបានចំនួន ៣.៤១៦ហ.ត។
ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម មានលើកឡើងថា យោងតាមការព្យាករ ក៏ដូចជាស្ថានភាពជាក់ស្តែង បានបង្ហាញយ៉ាងច្បាស់ថាក្នុងឆ្នាំ២០១៩ នៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ បានទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូត អែលនីណូ (El Nino) ដោយបានបង្កឲ្យមានកត្តាអវិជ្ជមានជាច្រើន ដូចជាធាតុអាកាសមានសភាពក្តៅហួតហែងខ្លាំង រដូវវស្សាមកដល់មានសភាពយឺតយ៉ាវ របាយទឹកភ្លៀងមានភាពរអាក់រអួលមិនស្មើគ្នា របបទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំងពិសេសជំនន់ មានតែមួយលើក ហើយបន្ទាប់មក ក៏បានស្រកចុះជាបន្តបន្ទាប់ដល់កម្រិតទាបបំផុតមួយដែលមិនធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមក។ បើទោះបីជាចាប់ពីខែកក្កដា ឆ្នាំ២០១៩ បាតុភូត អែលនីណូ បានថមថយឥទ្ធិពលជាបណ្តើរៗ ទន្ទឹមនឹងអាងទឹក នាពេកកន្លង មកបានរក្សាទឹកទុកស្ទើរតែ ១០០ភាគរយក្នុងក្របខ័ណ្ឌទូទាំងប្រទេសយ៉ាងណាក្តី បញ្ហាគ្រប់គ្រង និងប្រើប្រាស់ទឹកនៅតែត្រូវបានចាត់ទុកជាអាទិភាព ដើម្បីបម្រើឲ្យស្រូវធ្ងន់ចុងរដូវវស្សា និងស្រូវរដូវប្រាំ) ២០១៩ -២០២០ និង ការប្រើប្រាស់ប្រចាំថ្ងៃរហូតដល់មានភ្លៀងកក់ខែនាឆ្នាំថ្មីបន្ត ។
សូមបញ្ជាក់ផងដែរថាយោងតាមស្ថានភាពដូចបានជម្រាបជូនខាងលើ រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចខាងក្រោម ៖
១- ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ ២០១៩-២០២០ គឺអាចធ្វើបានតែ ១ដង ប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី២ បានទេ បើទោះបីជាទឹកនៅតាមបណ្តាអាង ដែលបានរក្សាទុក និងកន្លែងមួយចំនួន ដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រែូវ ។
២- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរូបចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ល្អប្រសើរ
ឡើងវិញ ៕