អបអរសាទរខួប១០ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងខួប០១ឆ្នាំនៃការដាក់បញ្ចូលតំបន់ប្រាសាទសម្បូរព្រៃគុក
រាជធានីភ្នំពេញ ៖ នៅល្ងាចថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចូលរួម អបអរសាទរខួប១០ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក(៧ កក្កដា ២០០៨-៧ កក្កដា ២០១៨) និងខួប១ឆ្នាំនៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិ បេតិកភណ្ឌ ពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០១៨) ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីរាជការ អង្គទូត កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត និងប្រជាពលរដ្ឋរាប់ពាន់នាក់ផងដែរ។ ថ្លែងក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្តិត បានសម្ដែងនូវការរីករាយអបអរសាទរសារជាថ្មី ចំពោះការដាក់បញ្ចូលប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅក្នុងបញ្ជី បេតិកភណ្ឌ ពិភពលោក។ សម្តេចតេជោ បានមានប្រសាសន៍ថា ទម្រាំកម្ពុជាបានដាក់បញ្ចូលប្រាសាទទាំងពីរនេះ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ គឺរាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងក្នុងកិច្ចការងារ ជាច្រើន ដូចជាការរៀបចំឯកសារ រួមនឹងបែបបទជាច្រើនទៀតបំពេញតាមលក្ខខណ្ឌរបស់អង្គការ យូណេស្កូ (UNESCO)។
ជាពិសេសសម្តេចមិនភ្លេចនូវថ្លែងអំណរគុណចំពោះ សម្តេចវិបុលបញ្ញា សុខ អាន និងលោកជំទាវ ភឿង សក្កណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបានខិតខំប្រឹងប្រែង ក្នុងការធ្វើបទបង្ហាញ និងអះអាងនៅចំពោះមុខគណៈកម្មការបេតិកភណ្ឌពិភពលោក រហូតសម្រេចបានជោគជ័យ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរព្រះគុណ និងបានដឹងគុណចំពោះអតីតព្រះមហាក្សត្រខ្មែរដែលបានកសាងប្រាង្គប្រាសាទជាច្រើនទុកសម្រាប់កូនខ្មែរគ្រប់ៗជំនាន់ និងអរគុណដល់ សម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបានទាមទារតុលាការអន្តរជាតិទីក្រុងឡាអេ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ទទួលបានមកវិញនូវប្រាសាទព្រះវិហារខ្មែរពីប្រទេសថៃ។
ទន្ទឹមនឹងនោះដែរ សម្តេចតេជោ បានអរព្រះគុណរចំពោះ សម្តេចព្រះ នរោត្តម សីហមុនី ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ ចំពោះវប្បធម៌ជាតិខ្មែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់សារជាថ្មីថា កម្ពុជាដែលបានសម្រេចដាក់ប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីរក្សាឲ្យបាននូវទ្រព្យសម្បត្តិរបស់កម្ពុជាដែលបន្សល់ទុកដោយដូនតា ដល់មនុស្សជាតិទាំងឡាយ មិនអនុញ្ញាតឲ្យនរណាមកឈ្លានពានយកទឹកដីកម្ពុជាសូម្បីតែមួយមីល្លីម៉ែត្រនោះឡើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តទៀតថា ពិធីអបអរសាទរថ្ងៃនេះ គឺជាការរំលឹក និង ដឹងគុណដល់បុព្វបុរសខ្មែរដែលបានបន្សល់ទុកស្នាដៃដ៏មហស្ចារ្យសម្រាប់ជាតិខ្មែរ។ មួយវិញទៀតជាការបង្ហាញឲ្យឃើញថា ថ្នាក់ដឹកនាំនិងកុលបុត្រ កុលធីតាខ្មែរនាសម័យបច្ចុប្បន្ន មិនបានព្រងើយកន្តើយចំពោះស្នាដៃបុព្វបុរសខ្មែរនោះឡើយ ហើយបន្តប្រឹងប្រែងពង្រីកភាពល្បាញល្បី នៃស្នាដៃបុព្វបុរសខ្មែរទៅកាន់ពិភពលោកឲ្យកាន់តែខ្ទរខ្ទារថែមទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរថា អំពីយុទ្ធសាស្ត្រដឹកនាំប្រទេសជាតិលើយុទ្ធសាស្ត្រអាទិភាពសំខាន់២ ដែលនាំសេចក្តីសុខដល់កម្ពុជាផង និងប្រទេសជិតខាងផងគឺ ទី១ប្រែក្លាយតំបន់សមរភូមិក្តៅឲ្យទៅជា កន្លែងដែលមានសន្តិភាព និងការអភិវឌ្ឍ និងទី២ គឺប្រែក្លាយតំបន់ព្រំដែន នៃប្រទេសជិតខាងទៅជាកន្លែង ដែលមានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ។
ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចូលរួមរំលែកទុក្ខ និងសម្ដែងនូវការសោកស្តាយចំពោះគ្រោះមហន្តរាយ ដែលបានកើតឡើងចំពោះប្រទេសជប៉ុន ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាការពារប្រាង្គប្រាសាទ ទាំងអស់ដែលត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមទាំងសម្បត្តិវប្បធម៌ផ្សេងៗ របស់ប្រទេសជាតិជាច្រើនទៀត៕