សមត្ថកិច្ចនគរបាលក្រុងដូនកែវ បង្រ្កាបបានករណី ចោរលួចម៉ូតូ ប្រគល់អោយម្ចាស់ដើមវិញ
តាកែវ៖ កាលពីយប់ថ្ងៃអង្គារ ០៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិសូចាន់ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ថាមានបាត់ម៉ូតូម៉ាកហុងដាគប់ជ្រុង ពណ៌សំបកឪឡឹកភ្លាម កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាក្រៅ និងកម្លាំងប្រជាការពារដេីរល្បាតដេីម្បីពួនស្ទាក់នៅតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រ ដឹកនាំនិងបញ្ជាដោយលោក វរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវ។
ក្រោយមក ក៏បានជួបអ្នកជិះម៉ូតូ០១នាក់មានការសង្ស័យ ក៏បានឃាត់ហេីយនាំយកមកសាកសួរនៅអធិការដ្ឋាន។ ក្រោយពីការសួរនាំរួចមក ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វេីសកម្មភាពលួចម៉ូតូចំនួន០២គ្រឿង ដោយធ្វើសកម្មភាពលួចម្ដងមួយៗ ។
លេីកទី១ លួចនៅចំណុចភូមិសូចាន់ សង្កាត់រកាក្រៅ ក្រុងដូនកែវ ម៉ូតូម៉ាកហុងដាគុបជ្រុង ។
លេីកទី២ លួចនៅចំណុចភូមិគោកឃ្មោង ឃុំរនាម ស្រុកទ្រាំង ម៉ូតូម៉ាកហុងដាឌ្រីម ខណៈកំពុងតែជិះគេចខ្លួនក៏ត្រូវសមត្ថកិច្ចឃាត់តែម្ដង។
ជនសង្ស័យមានឈ្មោះ អ៊ុង ឌឿន ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅភូមិអង្កាញ់ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ មានទីលំនៅបច្ចុប្បន្ន និងមុខរបរមិនពិតប្រាកដ។
ករណីនេះលោកអធិការនគរបាលក្រុងដូនកែវក៏បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវរួចហើយដែរ ដេីម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់។
ចំណែកម៉ូតូដែលជាវត្ថុតាង ត្រូវបានប្រគល់ជូនទៅម្ចាស់ដើមវិញផងដែរ៕