មតិសាធារណៈជន ស្នើរឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋ បង្កើនការទប់ស្កាត់ ការកាប់ទន្រ្ទានព្រៃឈើរបស់រដ្ឋ យកដីធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន
ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការបាត់បង់នូវធនធានព្រៃឈើ គឺជាការបាត់បង់គ្រប់យ៉ាងសម្រាប់មនុស្ស សត្វ និងធម្មជាតិ គ្រោះរាំងស្ងួត បម្រែបម្រួលអាកាសធាតុ ភ្លើងឆេះព្រៃ ខ្យល់កន្ត្រាក់ ទឹកជំនន់ដែលតែងកើតមានឡើង គឺបណ្តាលមកពីការបាត់បង់ព្រៃឈើ ដូច្នេះ ដើម្បីជៀសផុតពីគ្រោះទាំងនេះយើងត្រូវតែដាំនិងស្តារព្រៃឈើឡើងវិញ។
ឯកឧត្តមថ្លែងបែបនេះក្នុងឱកាសដែលឯឧកឧត្តមអញ្ជើញចូលរួមក្នុងពិធីបុណ្យរុក្ខទិវា ៩ កក្កដា ឆ្នាំ២០១៩ ដោយដាំកូនឈើប្រណីតប្រមាណ១៥០០ដើម និងចែកជូនប្រជាពលរដ្ឋ។
ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមន៍នារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត លោក ខេង ស៊ុំ ប្រធានក្រុមប្រឹក្សាខេត្ត។
ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យបានបន្តថា ពិធី “រុក្ខទិវា” គឺជាសក្ខីភាព មួយ ដែលបង្ហាញពីការ ដង្ហែរ តាមព្រះរាជតំរិះដ៏ខ្ពង់ខ្ពស់របស់ អតីត ព្រះមហាវិរៈក្សត្រព្រះបរមតនៈកោដិ នរោត្តម សីហនុ ជាទីសក្ការៈ នៃយើង ដែលជានិច្ចកាលព្រះអង្គទ្រង់យកព្រះទ័យទុកដាក់ ដល់បញ្ហាព្រៃឈើ និងជាពិសេសការថែរក្សា ការការពារ និងអភិវឌ្ឍន៍ព្រៃឈើតាម រយៈការដាំដុះឈើឡើងវិញ។
កូនឈើចម្រុះជាច្រើនប្រភេទចំនួន១៥០០ដើម ត្រូវបានដាំក្នុងថ្ងៃបុណ្យរុក្ខទិវា៩ កក្កដា នាព្រឹកថ្ងៃទី០៤ កក្កដា ឆ្នាំ២០១៩នេះ នៅភូមិស្ររាះពីរឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ការចូលរួមមន្ត្រីររាជការ គ្រប់ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សិស្សានុសិស្ស ព្រះសង្ឃ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងស្រុកថ្មពួក ផងដែរ៕