អាណិតណាស់ម្ចាស់ថ្លៃអើយ ! ក្មេងប្រុសម្នាក់ត្រូវរថយន្តដឹកខ្សាច់កិនស្លាប់
ខេត្តកណ្តាល ៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅថ្ងៃពុធ ១៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង០៦ព្រឹក នៅចំណុចផ្លូវលំគ្រួសក្រហម ស្ថិតក្នុងភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
ដែលក្មេងប្រុសម្នាក់ត្រូវរថយន្តដឹកខ្សាច់កិនស្លាប់ ខណៈដែលរថយន្តឈប់ទិញស្រាបៀរ ខណៈដែលកុមាររងគ្រោះបានដើរតាមផ្លូវចូលអង្គុយក្រោមរថយន្ត ដោយម្តាយ និងអ្នកបើកបរ មិនបានដឹងឡើយ លុះពេលរថយន្តចេញដំណើរ ក៏បានកិនកុមាររងគ្រោះបែក ក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2Z-6298 អ្នកបើកបរឈ្មោះ គង់ ឡុង ភេទប្រុស អាយុ៦២ឆ្នាំ មានទីលំបច្ចុប្បន្នភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល បានបើកបរពីទិសខាងជើង ទៅទិសខាងត្បូង មានដឹកដីខ្សាច់។
លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តក៏បានឈប់នៅមុខផ្ទះឈ្មោះ ចាន់ សុផាត ភេទស្រី អាយុ៣០ឆ្នាំ ជាអ្នកលក់ចាប់ហួយ ដើម្បីទិញស្រាបៀរ១កំប៉ុង ពេលនោះឈ្មោះ ចាន់ សុផាត ជាអ្នកលក់ ក៏បានយកស្រាបៀរទៅឲ្យឈ្មោះ គង់ ឡុង ដែលអង្គុយនៅក្នុងរថយន្ត ស្រាប់តែពេលនោះកុមាររងគ្រោះ ឈ្មោះ តុង ចាន់មុន្នីសត្យា ភេទប្រុស អាយុ២ឆ្នាំ ត្រូវជាកូន បានដើរតាមពីក្រោយមកចូលអង្គុយ ក្រោមរថយន្ត ដោយម្តាយ និងអ្នកបើកបរមិនបានដឹងឡើយ លុះពេលរថយន្តចេញដំណើរ ក៏បានកិនកុមាររងគ្រោះបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។
ក្រោយពេលកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់។ ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍តាលន់ និងផ្នែកចរាចរណ៍ស្រុកស្អាង បានចុះពិនិត្យវាស់វែង និងយករថយន្តមករក្សាទុក រងចាំដោះស្រាយតាមនីតិវិធី៕