បុរសម្នាក់បានប្រកាច់ស្លាប់ភ្លាមៗ បន្ទាប់ពីចាក់ថ្នាំព្យាបាលជំងឺរលាកបំពង់ក
ខេត្តស្វាយរៀង ៖ តាមសេចក្តីរាយការណ៍បានអោយដឹងថាបុរសម្នាក់សង្ស័យប្រតិកម្មថ្នាំ បានប្រកាច់រហូតដាច់ខ្យល់ស្លាប់ភ្លាមៗ ខណៈគ្រូពេទ្យក្នុងភូមិអត់សាលាម្នាក់ បានចាក់ថ្នាំ ព្យាបាលជំងឺរលាកបំពង់ក ។ ហេតុការណ៍គួរអោយសោកស្តាយហួសចិត្តនោះ គឺគ្រូពេទ្យបូមថ្នាំចាក់មិនទាន់អស់ថ្នាំក្នុងសេរ៉ាងផងអ្នកជំងឺប្រកាច់ស្លាប់ទៅហើយ ហេតុការណ៍បានបង្ករការភ្ញាក់ផ្អើលនៅវេលាលាម៉ោងជាង១២ ថ្ងៃត្រង់ ថ្ងៃទី០៣ ឧសភា ២០១៩ ស្ថិតនៅភូមិសំឡីខាងជើង ឃុំសំឡី ស្រុក កំពង់រោទ៍ ខេត្ត ស្វាយរៀង ខណះនោះដែរពលរដ្ឋបាននាំគ្នារិះគន់យ៉ាងខ្លាំងហើយថតបង្ហោះពេញបណ្តាញសង្គម ខ្លះជេរតិះដៀល ប្រមាថ ។ តាមសេចក្តីរាយការណ៍បានបន្តឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៊ុន ម៉ាប់ ភេទ ប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ រីឯគ្រូពេទ្យអត់សាលាដែលបានបង្ករអោយស្លាប់មនុស្ស មានឈ្មោះ ព្រាប សេ ជាគ្រូពេទ្យដែលតែងតែដើរចាក់ថ្នាំតាមភូមិ ពេលនេះត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនសាកសួរភ្លាមៗផងដែរ ។ ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះមានអាការៈឈឺបំពង់.កហើយក៏មករកគ្រូពេទ្យរូបនោះ ពិនិត្យហើយចាក់ថ្នាំឱ្យ ។ ខណៈដែលកំពុងចាក់ថ្នាំមិនទាន់អស់ពីសេរ៉ាងផង ស្រាប់តែជនរងគ្រោះរមាស់ក្រហល់ ក្រហាយ រួចបានប្រកាច់រហូតដាច់ ខ្យល់ស្លាប់តែម្ដង ។ ទោះជាយ៉ាងណាក៍ដោយសមត្ថកិច្ចមូលដ្ឋានសន្សន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារប្រតិកម្មថ្នាំ ពេលនេះសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវនិងពិនិត្យថ្នាំនៅសល់ ។ តាមមន្ត្រីសុខាភិបាលម្នាក់ថា គ្រូពេទ្យឈ្មោះ ព្រាប សេ គាត់ចេះជំនាញពេទ្យនេះ ពុំមានសាលាច្បាស់លាស់ទេ គឺចេះចាក់ថ្នាំតាំងពីសម័យប៉ុលពតមកម្ល៉េះ ។ ហើយបានបន្តអាជីពនេះ រហូតមកទល់សព្វថ្ងៃ ។ ករណីនេះគេនៅមិនទាន់ដឹងថាគ្រូពេទ្យរូបនេះមានទោសកំរិតណានៅឡើយទេ។