ឧកញ៉ា គង់ ក្រឹង នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនដដែល
ខេត្តក្រចេះ ៖ សកម្មភាពរបស់ឧកញ៉ា គង់ ក្រឹង ក្នុងការប្រមូលទិញឈើ និងដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រករបៀង និងច្រកព្រំដែនក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ គឺជារឿងដែលមិនអាចបិទបាំងបានឡើយព្រោះបច្ចុប្បន្នឈ្មួញម្នាក់នេះនៅតែធ្វើអ្វីៗតាមអំពើចិត្ត។ សកម្មភាពរបស់ឧកញ៉ា គង់ ក្រឹង ក្នុងការបន្តដឹកជញ្ជូនឈើចេញទៅស្រុកយួនគឺជាមូលហេតុដែលធ្វើឲ្យព្រៃឈើនៅសេសសល់ក្នុងខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី កំពុងប្រឈមនឹងសេចក្ដីវិនាសព្រោះមានឈ្មួញមួយចំនួនប្រមូលទិញឈើពីតំបន់ទាំងនោះយកមកលក់ឲ្យមេឈ្មួញ គង់ ក្រឹង ដល់តំបន់ព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ តែម្តង។
សូម្បីតែលោក វ៉ា ថន អភិបាលខេត្តក្រចេះ ក៏រក្សាភាពស្ងៀមស្ងាត់ដែរក្នុងខណៈដែលមេឈ្មួញ គង់ ក្រឹង ដែលជាឧកញ៉ា និងជាឧត្តមសេនីយ៍យោធាកំពុងបង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុកមួយរយៈពេលចុងក្រោយនេះ។ ប្រភពពីនាយទាហាន និងពលទាហានមួយចំនួននៅក្នុងអង្គភាពវរការពារព្រំដែនលេខ២០៤ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា ចាប់តាំងពីមេឈ្មួញ គង់ ក្រឹង ទទួលបានឋានៈជាឧត្តមសេនីយ៍ និងមានងារជាឧកញ៉ារួចមកគឺមេឈ្មួញរូបនេះកំពុងបង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនកាន់តែខ្លាំងក្លាជាងមុនទៅទៀត។ ការដែលមេឈ្មួញ គង់ ក្រឹងអាចធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើ គយចល័ត នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក៏ដូចជាសមត្ថកិច្ចតាមច្រករបៀង និងច្រកព្រំដែនផងដែរ។
ប្រភពបានឲ្យដឹងទៀតថា រយៈពេល២ខែចុងក្រោយនេះគឺមេឈ្មួញ គង់ ក្រឹង ប្រមូលទិញឈើ និងសម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុកតាមច្រករបៀងដេ៣(D3) ក្បែរច្រកត្រពាំងស្រែ-វ៉ាលី ដោយគ្មានសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ឡើយ។ ប្រភពពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា ដោយមានឋានៈជាឧត្តមសេនីយ៍ និងមានងារជាឧកញ៉ា ហើយថែមទាំងមានខ្នងបង្អែកយ៉ាងរឹងមាំនៅក្រសួងមហាផ្ទៃ និងនៅក្រសួងការពារជាតិទៀតនោះទើបមេឈ្មួញ គង់ ក្រឹង អាចដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុកតែម្តង។ ប្រភពពីមន្ត្រីយោធានៅក្នុងអង្គភាពវរការពារព្រំដែនលេខ២០៤ បានឲ្យដឹងថា បច្ចុប្បន្នមេឈ្មួញ គង់ ក្រឹង មានតួនាទីជាមេបញ្ជាការរងវរការពារព្រំដែនគោកលេខ២០៤ ចំណុះកងពលតូចលេខ២១ យោធភូមិភាគទី២កំពុងតែប្រើស្បែកជាមន្ត្រីយោធាដើម្បីប្រកបអាជីវកម្មដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរាលដាល។
សូម្បីតែលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក ទ្រី សុភ័ក្ត្រ មេរដ្ឋបាលព្រៃឈើខេត្តក្រចេះ ក៏មិនហ៊ានប៉ះពាល់មេឈ្មួញ គង់ ក្រឹង ហើយសម្ងំស្ងាត់ឈឹងទុកឲ្យមេឈ្មួញ គង់ ក្រឹង ធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន។ តាមសេចក្ដីរាយការណ៍ពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា សព្វថ្ងៃមេឈ្មួញ គង់ ក្រឹង មានឃ្លាំងស្តុកឈើដ៏ធំមួយកន្លែងនៅខាងក្រោយជាប់បន្ទាយអង្គភាពយោធាវរការពារព្រំដែនគោកលេខ២០៤តែម្តង។ មានឈ្មួញមួយចំនួនជួលប្រជាពលរដ្ឋឲ្យដឹកជញ្ជូនឈើតាមរថយន្តធុនតូច និងម៉ូតូពីតំបន់ផ្សេងៗក្នុងខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី យកទៅលក់ឲ្យមេឈ្មួញ គង់ ក្រឹង ដល់ឃ្លាំងស្តុកឈើនៅជាប់ខាងក្រោយបន្ទាយយោធាវរការពារព្រំដែនលេខ២០៤តែម្តងដោយមានការសម្របសម្រួលពីមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន។
នៅពេលប្រមូលទិញឈើបានច្រើនទើបមេឈ្មួញ គង់ ក្រឹង ដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រករបៀងដេ៣ និងច្រកត្រពាំងស្រែ យ៉ាងគគ្រឹកគគ្រេងគ្មានខ្លាចក្រែងអ្វីឡើយ។ សូម្បីតែមន្ត្រីគណៈកម្មការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើដែលបំពេញបេសកកម្មក្នុងខេត្តក្រចេះ ក៏មិនហ៊ានប៉ះពាល់ជំនួញឈើខុសច្បាប់របស់មេឈ្មួញ គង់ ក្រឹង នោះដែរហើយបែរជាជួយបិទបាំងដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់៕ ប្រភព ៖ http://www.moneaksekar.com/78901.html/