បញ្ហាប្រឈមកង្វះខាតទឹកប្រើប្រាស់ របស់ប្រជាពលរដ្ឋភូមិសាម៉ល ឃុំសេុីង ស្រុកបរកែវលែងចោទជាបញ្ហាទៀត ហើយ
រតនៈគិរី : ប្រជាពលរដ្ខក្នុងភូមិសាម៉ល ស្ថិតនៅឃុំ សេុីងស្រុកបរកែវបានសម្តែងនូវទឹកចិត្តសប្យាយរីករាយ ខណះដែល ឯកឧត្តម ថងសាវុន អភិបាលខេត្តរតនគិរី បានដឹកនាំមន្ទីរជំនាញពាក់ព័ន្្ធនាំយកទឹកផ្តល់ជូនពួកគាត់កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ។ លោក ហេង ប៊ុន្នី អភិបាលស្រុកបរកែវបានអោយដឹងថា ដោយទទួលរងនូវឥទ្ធិពល អ៊ែ នីណូ បានធ្វើអោយអាកាសធាតុមានសភាពក្តៅខ្លាំងហើយប្រការនេះបានធ្វើអោយអណ្តូងទឹកតាមខ្នងផ្ទះប្រជាពលរដ្ឋរីងស្ងួតនិងប្រភពទឹក នានាតាមភូមិក៏រីងស្ងួតផងដែរជាហេតុធ្វើអោយប្រជាពលរដ្ឋជួបបញ្ហាប្រឈមនូវកង្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។ ជាក់ស្តែងប្រជាពលរដ្ឋចំនួន៦៤គ្រួសារ ដែលមានមនុស្សជាង២០០នាក់ក្នុងភូមិសាម៉ល ឃុំសេីុង ក៏រងទទួលនូវឥទ្ធិពល អ៊ែ នីណូនេះផងដែរ លោកអភិបាលស្រុកបន្តថាឆ្លើយតបនឹងបញ្ហានេះរដ្ឋបាលស្រុកបានចុះជួយអន្តរាគមន៍ចែកទឹកជួនអ្នកភូមិសាម៉លនេះចំនួន២លើករួចមកហើយ។ ឯកឧត្តម ថង សាវុន មានប្រសាសន៍ថា ទឹកដែលដឹកយកមកផ្តល់ជូនប្រជាពលរដ្ឋភូមិ សាម៉លនេះចំនួនជាង២មឺុនលីត្រ ដោយយើងធ្វើការស្តុកក្នុងអាងតង់ចំនួន៥អាងទុកសម្រាប់អោយអ្នកភូមិប្រើប្រាស់តាមតំរូវការ។ឯកឧត្តមបានជម្រុញអោយអាជ្ញាធរស្រុកសហការជាមួយមន្ទីរពាក់ព័ន្ធពិនិត្យលទ្ធភាពស្តារអណ្តូងទឹកតាមខ្នងផ្ទះប្រជាពលរដ្ឋ និងរិៈរកមធ្យោបាយទាយយកទឹកពីប្រភពទឹកនានាដែលមិនទាន់រីងស្ងួតនៅមូលដ្ឋាននេះមកជូនប្រជាពលរដ្ឋជាពិសេសត្រូវ បន្តចាត់ចែងក្រុមការងារ ចុះតាមដានត្រួតពិនិត្យពីកង្វះខាតទឹករបស់ប្រជាពលរដ្ឋនៅតាមភូមិផ្សេងៗទៀតហើយបើមានបញ្ហាប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ត្រូវអន្តរាគមន៍ភ្លាមៗ។ នៅក្នុងឱកាសនេះឯកឧត្តម ថង សាវុន ក៏បានចុះពិនិត្យប្រភពទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាបងប្អូនជនជាតិដើមភាគតិចក្នុងភូមិខាងលើនេះផងដែរ។ សូមបញ្ជាក់ថា បច្ចុប្បន្នប្រជាពលរដ្ឋជាបងប្អូនជនជាតិដើមភាគតិចមួយចំនួនតូចក្នុងខេត្តរតនគិរីនៅតែរក្សាប្រពៃណីប្រើប្រាស់ទឹកអណ្តូងតូចៗតាម ច្រប់សម្រាប់ប្រើប្រាស់បរិភោគនិងចម្អិនអាហារប្រចាំថ្ងៃរបស់ពួកគាត់ ចំណែក អណ្តូងលូ អណ្តូងស្នប់ ពួកគាត់ប្រើប្រាស់សម្រាប់តែការ មុជ បោកគួគ តែប៉ុណ្ណោះ៕