អង្គការមិនមែនរដ្ឋាភិបាលបានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសជាតិ
ខេត្តរតនគិរី÷ លោក ថង សាវុន អភិបាលខេត្តរតនគិរីបានលើកឡើងថាអង្គការមិនមែនរដ្ឋាភិបាលបានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការរួមចំណែកជួយអភិវឌ្ឍនប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានសិក្សារួមគ្នាស្វែងយល់ពីបញ្ហាប្រឈម និងទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយ និងចូលរួមជួយលើកកម្ពស់សិទ្ធិទទួលបានព័ត៌មានពិតប្រាកដ ដើម្បីទប់ស្កាត់ឥទ្ធិពលអាក្រក់នៅក្នុងសង្គម ដែលកើតចេញពីការបំផ្លើសព័ត៌មានបង្កឡើងដោយមជ្ឈដ្ឋានមួយចំនួន។ លោក ថ្លែងយ៉ាងដូច្នេះ ក្នុងវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាលនិងសមាគម ដែលកំពុងប្រតិបត្តិការនៅ ក្នុងខេត្តរតនគិរីដែលបានប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្តនាព្រឹកថ្ងៃអង្គារ៍ ១១រោច ខែចេត្រ ឆ្នាំកុរ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ដោយមានសមាសភាពចូលរួមពីបណ្តាមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក-ក្រុង ឃុំ-សង្កាត់ ព្រមទាំងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានាទូទាំងខេត្តរតនគិរីសរុបជិត១០០នាក់។ បន្ទាប់ពីមានការផ្លាស់ប្តូរយោបល់ រវាងអាជ្ញាធរខេត្ត និងNGO រួចមក លោក ថង សាវុន មានប្រសាសន៍លើកឡើងថា វេទិកានេះ បានបង្កើតឱកាស និងបរិយាកាសល្អសម្រាប់កិច្ចពិភាក្សា និងពិគ្រោះយោបល់ដោយត្រង់ទៅត្រង់មក និងដោយផ្ទាល់រវាងអង្គការ NGO ជាមួយអាជ្ញាធរពាក់ព័ន្ធ លើបញ្ហាប្រឈមជាក់ស្តែងក្នុងមូលដ្ឋាន និងសំណូមពរផ្សេងៗរបស់ប្រជាជន ហើយបញ្ហាមួយចំនួនទៀត ដែលទាមទារឱ្យមានការសិក្សាបន្ថែម និងការដោះស្រាយក្នុងកម្រិតបច្ចេកទេសជំនាញ នឹងត្រូវយកទៅពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ន និងសមត្ថកិច្ចជំនាញ ដើម្បីបន្តស្វែងរកដំណោះស្រាយបន្ត។ លើសពីនេះទៀត លោកបានបន្ថែមទៀតថា រដ្ឋបាលខេត្តរតនគិរី បានត្រៀមខ្លួនជាស្រេច ដើម្បីរួមសហការគ្នាជាមួយ NGO ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ លោក ថង សាវុន បានស្នើរដល់អង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកដែលបានចុះបញ្ជីត្រឹមត្រូវ នៅក្រសួងមហាផ្ទៃក៏ដូចជាសមាគមអង្គការមិនមែនរដ្ឋាភិបាលបរទេសដែលបាន ចុះអនុស្សារណៈនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងការធ្វើសកម្មភាពដោយសេរីគ្មានការគំរាមកំហែងនិងមិនលំអៀង ស្របតាមច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលគោលការណ៍ណែនាំ បទបញ្ជានិងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ លោកអភិបាល ខេត្តក៏អំពាវនាវឲ្យតំណាងដៃគូអភិវឌ្ឍន៍តំណាងសហគមន៍និងតំណាងសមាគមអង្គការមិនមែនរដ្ឋាភិបាល ត្រូវបន្តការឧបត្ថម្ភគាំទ្រនិងចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ការផ្តល់សេវាសង្គមនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ចឲ្យកាន់តែមានភាពរីកចម្រើន ក្នុងភាពជាដៃគូប្រកបដោយបរិយាប័ន្ននិងការទទួលខុសត្រូវខ្ពស់៕ សាវ័ន