ក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកជាប់ក្នុងរូងភ្នំថាំហ្លួង សង្គ្រោះបានដោយសុវត្ថិភាព
ប្រទេសថៃ ៖ ទីបំផុតក្មេងៗ និងគ្រូបង្វឹកក្រុមបាល់ទាត់សរុប១៣នាក់ ត្រូវបានក្រុមសង្គ្រោះយកចេញពីក្នុងរូងភ្នំថាំហ្លួង នៅខេត្តឈៀងរ៉ាយ ប្រទេសថៃ មកដល់ខាងក្រៅវិញហើយនាម៉ោង៦ និង២២នាទីល្ងាច ថ្ងៃទី៣ជាថ្ងៃចុងក្រោយនៃប្រតិបត្តិការជួយសង្គ្រោះមនុស្សចេញពីរូងភ្នំនេះ។
នៅក្នុងរយៈពេលបីថ្ងៃកន្លងទៅនេះមនុស្សទាំង១៣នាក់ ដែលជាប់ខ្លួននៅក្នុងរូងភ្នំខាងលើ តាំងពីថ្ងៃទី២៣ ខែមិថុនា មកម្លេះនោះ ត្រូវបានជួយយកចេញមកក្រៅវិញទាំងអស់។ ហើយពួកគេដំបូងចំនួន០៨នាក់ កំពុងសម្រាកតាមដាននៅឯមន្ទីរពេទ្យ ក្នុងខេត្តឈៀងរ៉ាយ នៃនៅក្បែរតំបន់រូងភ្នំ ជាមួយនឹងសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត ខណៈមនុស្សទាំង០៥នាក់ ដែលទើបត្រូវបានរំដោះចេញនៅល្ងាចថ្ងៃអង្គារនេះ កំពុងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាលដូចគ្នា។
គួរបញ្ជាក់ថា ប្រតិបត្តិការនាថ្ងៃទី៣នេះ គឺជាថ្ងៃសង្គ្រោះចុងក្រោយ ប៉ុន្តែព័ត៌មានលម្អិតបន្ថែមនោះមិនទាន់ត្រូវបានអាជ្ញាធរថៃ ចេញផ្សាយជាផ្លូវការនោះឡើយ ដោយត្រូវរង់ចាំទាល់តែគេប្រាកដច្បាស់ថា ក្មេងទាំងអស់ និងគ្រូបង្វឹករបស់ពួកគេ មានស្ថានភាពសុខភាពល្អប្រសើរជាមុនសិន៕