ជនជាតិចិនច្នៃធ្វើគ្រាប់បែកក្លែងក្លាយទៅគំរាមជនជាតិចិនដូចគ្នា ផ្អើលសមត្ថកិច្ច

ភ្នំពេញៈ ជនជាតិចិនម្នាក់បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ដោយសារតែយកវត្ថុម៉្យាងរុំស្កុតសង្ស័យគ្រាប់បែកកែច្នៃ ដើម្បីគំរាមជនជាតិចិនដូចគ្នានៅក្នុងហាងគុង ហឺហឺ ស្ថិតនៅផ្លូវបេតុង មុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវទី៣ ក្រុម៣ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ កាលពីព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។ បន្ទាប់ពីបង្កឲ្យមានការភ្ញាក់ផ្អើល ប្រជាពលរដ្ឋបានប្តឹងទៅសមត្ថកិច្ចដើម្បីឲ្យជួយអន្តរាគមន៍រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងរុំបិទស្កុតដែលសង្ស័យគ្រាប់បែកកែច្នៃ។ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធបានចុះពិនិត្យដល់កន្លែងកើតហេតុផងដែរ។ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បំពង់ដែលរុំស្កុតនោះ គឺមិនមែនជាគ្រាប់បែកនោះទេ គឺនៅក្នុងបំពង់នោះមានសុទ្ធតែខ្សាច់។ “ក្រោយពីសមត្ថកិច្ចពិនិត្យយ៉ាងយកចិត្តទុកដាក់ លើករណីជនជាតិចិន ដែលគេសង្ស័យយកគ្រាប់បែកកែច្នៃទៅដាក់ផ្ទះមិត្តភ័ក្តិនោះ មិនមែនជាគ្រាប់បែកនោះទេ ដោយសារពិនិត្យមើលក្នុងបំពង់ទាំងអស់ឃើញសុទ្ធតែខ្សាច់មិនមានរំសេវ”។ តាមការសាកសួរពីឈ្មោះ ថាំង នៀន ជនជាតិចិនម្ចាស់ហាងគុជ ហឺហឺ បានអោយដឹងថា មុនពេលកើតហេតុជនសង្ស័យបានជិះម៉ូតូកង់បីមកម្នាក់ឯង មានស្ពាយវត្ថុម្យ៉ាងដែលគេសង្ស័យថាគ្រាប់បែក ចូលមកក្នុងហាង ហើយសួររកឈ្មោះតឹង ហើយម្ចាស់ហាងបានឆ្លើយថា អត់ឃើញឈ្មោះតឹងមកទីនេះទេ។ បន្ទាប់មកជនសង្ស័យបានយកវត្ថុម៉្យាងដែលមានរុំស្កុតជាមួយនឹងនាឡិកាចេញពីកាបូប ឃើញដូច្នេះម្ចាស់ហាងភ័យឆោឡោឡូឡា ឮដល់ប្រជាពលរដ្ធក៏ប្តឹងទៅសមត្ថកិច្ចឲ្យជួយអនន្តរាគមន៍។ ហើយបន្ទាប់មកនគបាលបានចុះមកឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងមកប៉ុស្តន៍នគបាលចោមចៅ១ ដើម្បីសាកសួរ។ ចំណែកជនសង្ស័យឈ្មោះ លីវ ជីន បានប្រាប់សមត្ថកិច្ចថា ខ្លួនបានលេងហ្គេម (ក្នុងកម្មវិធីម្យាងដែលលេងផងមើលមុខគ្នាឃើញផង) ជាមួយឈ្មោះ តឹង ហើយបានប្រកែកខ្វែងគំនិតគ្នាតាមប្រព័ន្ធinternet (ហ្គេម) ហើយឈ្មោះតឹងនេះក៏មានបញ្ហាជំពាក់លុយកាក់ខ្លួនផងដែរ ពាក់ព័ន្ធនិងការរកស៊ីចូលហ៊ុនគ្នា។ ហើយខ្លួនចង់ជួបឈ្មោះតឹង តែមិនដឹងថា ឈ្មោះតឹង ស្នាក់នៅឯណា តែដឹងថា ឧស្សាហ៍មកហាងលក់គុជខាងលើ ទើបខ្លួនមកហាងខាងលើដើម្បីរកឈ្មោះតឹង។ ជនសង្ស័យបានបញ្ជាក់ថា វត្ថុខាងលើនេះមិនមែនជាគ្រឿងផ្ទុះទេ គឺខ្លួនធ្វើលេងដើម្បីគម្រាមឈ្មោះតឹងតែប៉ុណ្ណោះ។ ក្រោយការត្រួតពិនិត្យពីមន្ត្រីស៊ីម៉ាកបានសន្និដ្ឋានថា វត្ថុតាងដែលនគបាលបានដកហូតពីជនសង្ស័យខាងលើនេះមិនមែនជាគ្រឿងផ្ទុះទេ។ បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តន៍នគបាលរដ្ឋបាលចោមចៅ១ដើម្បីអនុវត្តន៍តាមនិតិវិធីបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង