អតិថិជនភាគច្រើនផ្តោតលើ World Cup ទីផ្សាររថយន្តនៅរុស្ស៊ីមានកំណើនយឺត
រថយន្ត ៖ ការលក់រថយន្តនៅរុស្ស៊ីបានធ្លាក់ចុះ ខណៈប្រទេសមួយនេះកំពុងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក (FIFA World Cup 2018)។ បើតាមការបញ្ជាក់របស់សមាគមពាណិជ្ជកម្មអឺរ៉ុប (AEB) ការលក់មានកំណើនយ៉ាងយឺត ពោលគឺត្រឹម១០.៨ភាគរយនៅខែមិថុនា ខណៈខែឧសភា មាន១៨ភាគរយ។ FIFA World Cup 2018 ប្រព្រឹត្តទៅពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា នៅក្រុងសំខាន់ចំនួន១១ ក្នុងនោះមានមូស្គូ សូជី និង Saint Petersburg ជាដើម។
«ការបញ្ជាទិញនាអំឡុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះ មានការថយចុះ ដោយសារអតិថិជនដ៏មានសក្តានុពលភាគច្រើនផ្តោតអារម្មណ៍ទៅលើបាល់ទាត់ជាង»។ លោក Sergey Udalov នាយកប្រតិបត្តិភ្នាក់ងារប្រឹក្សាផ្នែកយានយន្ត Autostat បានអះអាងយ៉ាងដូច្នេះ។ របាយការណ៍របស់សមាគមពាណិជ្ជកម្មអឺរ៉ុប (AEB) ដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានបង្ហាញថា រថយន្តថ្មីប្រមាណ១៥៦ ៣៥១គ្រឿង ត្រូវបានលក់ដាច់នៅក្នុងប្រទេសរុស្ស៊ី នាអំឡុងខែមិថុនា។ លោក Joerg Schreiber មន្ត្រីជាន់ខ្ពស់ម្នាក់របស់ AEB បាននិយាយក្នុងសេចក្តីថ្លែងការណ៍៖ «ទោះបីកំណើនយឺត ប៉ុន្តែវានៅតែមានការកើនឡើង១១ភាគរយ ដែលជាលទ្ធផលអាចទទួលយកបាន»។
លោកបានបន្ថែមថា៖ «ជារួមពាក់កណ្តាលឆ្នាំ២០១៨ ទីផ្សារយានយន្តនៅរុស្ស៊ី ដំណើរការដោយជោគជ័យ ពីព្រោះហេតុផលនៃការកើនឡើងយឺតយើងអាចទទួលយកបាន ហើយរំពឹងថា ផលវិជ្ជមាននឹងបន្តកើតឡើងនាខែខាងមុខជាបន្តបន្ទាប់»។ បើតាម AEB ការលក់ចេញនៅពាក់កណ្តាលឆ្នាំមានការកើនឡើងជាមធ្យម១៨.២ភាគរយ ដែលមានរថយន្តចំនួន៨៤៩ ២២១គ្រឿង។ ក្រោយព្រឹត្តិការណ៍ World Cup អ្នកជំនាញជឿថា ទីផ្សារយានយន្តនៅរុស្ស៊ី នឹងរើបឡើងវិញ បើទោះបីជាមានការតម្លើងពន្ធខ្ពស់ក៏ដោយ៕