លោក ឡេដឹកអាញ់ អតីតប្រធានា ធិបតី វៀតណាមទទួលមរណភាព
ប្រទេសវៀតណាម ៖ លោក ឡេ ដឹក អាញ់( Le Duc Anh) អតីតប្រធានាធិបតីវៀតណាម បានទទួល មរណភាពហើយ កាលពីយប់ថ្ងៃច័ន្ទ ទី២២ ខែ មេសា ក្នុងវ័យ ៩៩ ឆ្នាំ ។ លោក ឡេ ម៉ាញ់ ហា ត្រូវជាកូនប្រុស បានប្រាប់សារព័ត៌មានវៀតណាមថា« អតីតប្រធានាធិបតី ឧត្តមសេនីយ៍ ឡេ ដឹក អាញ់ បានលាចាកលោកនៅម៉ោង០៨ និង១០នាទីនាយប់ថ្ងៃច័ន្ទ នៅគេហដ្ឋានរបស់លោក ក្នុងទីក្រុងហាណូយ»។ លោក ឡេ ដឹកអាញ់ បានធ្លាក់ខ្លួនឈឺមួយរយៈ និងបានស្ថិតក្រោមការព្យាបាលអស់ពេលជាច្រើនខែនៅមន្ទីរពេទ្យយោធាក្នុងក្រុងហាណូយ អតីតប្រធានាធិបតីរូបនេះកើតនៅឆ្នាំ១៩២០ ក្នុងខេត្តធួន ធៀន-វ៉េ ភាគកណ្តាលវៀតណាម លោកបានចូលរួមធ្វើបដិវត្តន៍នៅឆ្នាំ១៩៣៧ និងបានក្លាយជាសមាជិកបក្សកុំម្មុយនីស្តវៀតណាមនៅឆ្នាំបន្ទាប់ ។ លោកបានចូលរួមប្រយុទ្ធប្រឆាំងទល់នឹងបារាំងអស់១០ឆ្នាំគឺចន្លោះ ឆ្នាំ១៩៤៥និង១៩៥៤ និងក្រោយមកប្រយុទ្ធក្នុងសង្គ្រាមវៀតណាមទល់នឹងអាម៉េរិកអស់ពេល១២ឆ្នាំ ចាប់ផ្តើមពីឆ្នាំ១៩៦៤ ។ ក្រោយបដិវត្តន៍ខែសីហា ផ្តើមឡើងដោយចលនាវៀតមិញ(សម្ព័ន្ធសម្រាប់ឯករាជ្យភាពវៀតណាម)ប្រឆាំងការគ្រប់គ្រងអាណានិគមបារាំងនៅវៀតណាម លោកបានធ្វើជាប្រធានកងអនុសេនាតូច និងបន្តក្លាយជាប្រធាននយោបាយនៅក្នុងកងអនុសេនាធំមួយនិងបន្ទាប់មកជាប្រធានកងវរសេនាធំ ។ ចាប់ពីខែតុលាឆ្នាំ១៩៤៨ដល់១៩៥០ លោកជានាយសេនាធិការយោធាតំបន់៧និង៨ ជាខ្សែប្រយុទ្ធជួរមុខនៅវៀតណាមខាងត្បូង។ ចាប់ពីឆ្នាំ១៩៥១ដល់១៩៥៤ លោកបម្រើការជារងសេនាធិការនិងក្លាយជានាយសេនាធិការស្តីទីសម្រាប់តំបន់កូស៉ាំងស៊ីន និង ចាប់ពីឆ្នាំ១៩៦៣ លោកបម្រើការជានាយរងសេនាធិការចម្រុះរបស់កងទ័ពប្រជាជនវៀតណាម។ លោក ឡេ ឌឹក អាញ់ បានឡើងជាមេបញ្ជាការរងនិងនាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរំដោះ ប្រជាជននៅវៀតណាមខាងត្បូងចន្លោះចាប់ពីឆ្នាំ១៩៦៤ដល់១៩៧៤។ លោកបានឡើងឋានៈជាបន្តបន្ទាប់ពីវរសេនីយឯករហូត ដល់ឧត្តម សេនីយ៍ឯកនៅឆ្នាំ១៩៧៤ មុនក្លាយជាមេបញ្ជាការរងនៃយុទ្ធនាការហូជីមិញ ដែលជាការវាយប្រហារទ្រង់ទ្រាយធំមួយដែលបានចូលរួមដល់ការដួលរលំវៀតណាមខាងត្បូងនិងបញ្ចប់សង្គ្រាមវៀតណាមនៅឆ្នាំ១៩៧៥ ។ លោក ឡេ បានធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិចាប់ពីឆ្នាំ១៩៨៧ដល់១៩៩១ និងនៅខែកញ្ញាឆ្នាំ១៩៩២ លោកត្រូវបានជ្រើសតាំងជាប្រធា នាធិបតីវៀតណាម ជាតំណែងដែលលោកកាន់រហូតដល់ឆ្នាំ១៩៩៧ ៕