អធិការរងស្រុកទ្រាំងម្នាក់បានស្លាប់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ

(តាកែវ)៖ លោកអធិការងស្រុកទ្រាំង ទទួលបន្ទុកផ្នែកស្ថិតិ នឹងអត្តសញ្ញាណបណ្ណ័ បានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង10នឹង30នាទី ព្រឹកថ្ងៃទី3 ខែមេសា ឆ្នាំ2019 ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ2 ត្រង់ចន្លោះគីឡូម៉ែត្រលេខ86,87 នៅក្នុងឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា៖នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិៈម៉ូតូ ម៉ាកហុងដា សេ125 ពាក់ស្លាកលេខ តាកែវ 1L.1613 ធ្វើដំណើរ ក្នុងទិសដៅ ពីត្បូងទៅជើង ។លុះមកដល់កន្លែងកើតហេតុ ជនរងគ្រោះ បានរកបត់ម៉ូតូ ឆ្លងថ្នល់ ។ ខណៈពេលនោះ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកកាមេរី បាឡែន ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ.2AI.7686 បើកបរដោយបុរសម្នាក់ ពុំស្គាល់អត្តសញ្ញាណ បានបើកមកពី(ទិសខាងជើងទៅត្បូង)ក្នុងល្បឿនយ៉ាងលឿន  បានជ្រុលបុកម៉ូតូ ជនរងគ្រោះ ចំពីមុខពេញទំហឹង បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់។

បើតាមសមត្ថកិច្ច ដែលបានចុះទៅដល់កន្លែងកើតហេតុ បានឲ្យដឹងថា៖ជនរងគ្រោះ សៅ ស៊ីន ភេទប្រុស អាយុ48ឆ្នាំ មុខរបរ នគរបាល(អធិការងស្រុកទ្រាំង)។ ចំណែកអ្នកបើករថយន្ត ពុំបានស្គាល់អត្តសញ្ញាណ ព្រោះបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។ក្រោយកើតហេតុសមត្ថកិច្ច ជំនាញបានចុះទៅវាស់វែង ធ្វើកំណត់ហេតុ រួចក៌បានបញ្ជូនជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ តែជាអកុសល ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

បច្ចុប្បន្នវត្ថុតាងទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ច យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីកសាងសំណុំរឿង នឹងចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង