របួសធ្ងន់ស្រាលច្រេីននាក់ ក្នុងករណីគ្រោះថ្នាក់ចរាចររថយន្តនឹងរថយន្ត
កំពង់ស្ពឺ៖ ស្ត្រីជាកម្មការនីរោងចក្រចំនួន០៨នាក់បានរងរបួសធ្ងន់និង០៤នាក់ផ្សេងទៀតរងរបួសស្រាល នៅវេលាម៉ោង ៦និង២០នាទី ព្រឹកព្រហស្បតិ៍ ១៥ រោច ខែផល្គុន ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ ក្នុងគ្រោះថ្នាក់ចរាចរមួយ នៅចំណុចលើផ្លូវជាតិលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ(១៣១-១៣២) ស្ថិតក្នុងភូមិខ្នុរអំពិល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
តាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ៖
ជាដំបូង មានរថយន្តមួយគ្រឿងម៉ាក Hyundai Mighty ពណ៌ ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 3A. 1411 បើកបរដោយឈ្មោះ សាម ចន្ធី ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិច្រកខ្លុង ឃុំមនោរម្យ ស្រុកថ្ពង ធ្វើដំណើរទិសដៅពីលិចទៅកើត ដោយដឹកកម្មករចំនួន ៤៩ នាក់ក្នុងនោះមានស្រី ៤៤ នាក់ទៅធ្វើការ នៅរោងចក្រ ចំនួន ០៣ គឺ ១/រោងចក្រហ្គោលឌិនអាប់ភីរា (GA) ២/រោងចក្រហើរាយ៍ហ្សិន (ការបូប) និង៣/រោងចក្រខាយណេង ដែលរោងចក្រទាំង ០៣ ស្ថិតនៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
លុះមកដល់ចំណុចកើតហេតុខាងលើ បានទៅប៉ះកៀជាមួយ រថយន្ត មួយ គ្រឿងម៉ាក Hino ពណ៌ សំបកឳឡឹក ពាក់ផ្លាក លេខ ស្វាយរៀង 3A. 0530 ដែលកំពុងធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សនិងខូចខាតរថយន្ត ។
ស្រ្តីអ្នករងរបួសធ្ងន់ចំនួន០៨នាក់មាន ៖ ១/.ឈ្មោះ រឿង គន្ធា អាយុ ២៩ឆ្នាំ ២/ឈ្មោះ.ភី ខេម អាយុ ១៨ឆ្នាំ ៣/.ឈ្មោះ ឃុំ ស្រីពេញ អាយុ ២៦ឆ្នាំ ៤/ឈ្មោះ ឡង់ ស្រីសរ អាយុ ១៩ឆ្នាំ ៥/ ឈ្មោះ វេន សុខា អាយុ ២៦ឆ្នាំ ៦/ឈ្មោះ ចែល ណា អាយុ១៩ឆ្នាំ ៧/ឈ្មោះ រ៉ាន់ រ៉េន អាយុ ៣២ឆ្នាំ ៨/ ឈ្មោះ ផេន សុទុំ អាយុ ២៥ឆ្នាំ ។ រីឯស្រ្តីរងរបួសស្រាលចំនួន០៤នាក់មាន៖ ១/ ឈ្មោះ មាស ផល្លី អាយុ ៣៧ឆ្នាំ ២/ ឈ្មោះ រ៉េម សុខរ៉ា អាយុ ២១ឆ្នាំ ៣/ ឈ្មោះ រី ថងក្វាវ អាយុ ២២ឆ្នាំ ៤/ ឈ្មោះ រី រឿន អាយុ ២០ឆ្នាំ ។
អ្នកទាំង១២នាក់រស់នៅភូមិច្រកខ្លុង ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ចំពោះអ្នកបើកបររថយន្តដឹកកម្មករ និងរថយន្ត ០២ គ្រឿង ត្រូវសមត្ថកិច្ចនគរបាល យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គដើម្បីចាត់ការតាមនីតិវិធី។