សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយប្លង់គោលប្រេីប្រាស់ដីក្រុងសៀមរាប សម្រាប់ការអភិវឌ្ឍ និងការអភិរក្សប្រកបដោយចីរភាព
សៀមរាប៖ ព្រឹកថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ នៅរដ្ឋបាលខេត្តសៀមរាប មានបេីកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយប្លង់គោលប្រេីប្រាស់ដីក្រុងសៀមរាប សម្រាប់ការអភិវឌ្ឍ និងការអភិរក្សប្រកបដោយចីរភាព ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឌុច វនទីតូ អនុរដ្ឋលេខាធិកាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក លី សំរឹទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម ស៊ូ នី សមាជិកក្រុមប្រឹក្សាខេត្ត និងមានការអញ្ជេីញចូលរួមពី ឯកឧត្តម តំណាងអាជ្ញាធរអប្សរា ឯកឧត្តម ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កងកម្លាំងប្រដាប់អាវុធ លោកនាយករងរដ្ឋបាល លោក លោកស្រី នាយក នាយករងទីចាត់ការ-អង្គភាព ចំណុះសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ អង្គការ និងវិស័យឯកជននានា។
ការបេីកសិក្ខាសាលាផ្សព្វផ្សាយនេះ គឺចង់ឱ្យអស់លោក លោកស្រី ទទួលបានព័ត៌មានដែលមានសារៈសំខាន់ និងអត្ថប្រយោជន៍ របស់ប្លង់គោលប្រេីប្រាស់ដីក្រុងសៀមរាប សម្រាប់យកទៅផ្សព្វផ្សាយបន្ត អំពីការបែងចែកដីតាមតំបន់ និងប្រេីប្រាស់ដីធ្លីក្នុងក្រុងសៀមរាប ព្រមទាំងបទពិសោធន៍ ចំណេះដឹងថ្មីៗបន្ថែមទៀត ដល់មន្ត្រីជំនាញ និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅរកការកាត់បន្ថយបានទាំងស្រុង នូវបញ្ហាទំនាស់ដីធ្លីទូទាំងខេត្តសៀមរាប។ ដូចនេះប្លង់គោលប្រេីប្រាស់ដីធ្លី គឺជាទុនក្នុងការតម្រង់ទិស នៃការប្រេីប្រាស់ដីធ្លី សម្រាប់អភិវឌ្ឍន៍ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។
ក្នុងនោះដែរ ប្លង់គោលពិតជាមានសារៈសំខាន់ណាស់សម្រាប់រៀបចំអភិវឌ្ឍន៍ទីក្រុងមួយបានល្អប្រសេីរ តាមរយៈការរៀបចំក្រុងឱ្យមានសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយ បរិស្ថានស្អាត ការរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀងមិនឱ្យលិចក្រុង ការៀបចំចិញ្ចេីមផ្លូវ បញ្ជៀសការកកស្ទះចរាចរ ហេីយប្លង់គោលវាជាត្រីវិស័យមួយសម្រាប់ចង្អុលបង្ហាញប្រាប់ពីការបែងចែកដីសម្រាប់ប្រេីប្រាស់ដូចជា តំបន់ដីកសិកម្ម តំបន់ដីឧស្សាហកម្ម តំបន់ដីលំនៅដ្ឋាន តំបន់សេដ្ឋកិច្ច និងពាណិជ្ជកម្ម ទីតាំងបុរាណដ្ឋាន តំបន់ទេសចរណ៍។ ល។ ដែលធ្វេីឱ្យយេីងដឹងថាតំបន់ណាត្រូវអភិវឌ្ឍន៍ តំបន់ណាត្រូវការពារអភិរក្ស ដេីម្បីឱ្យប្លង់គោលប្រេីប្រាស់ដីក្រុងសៀមរាប ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងអាចអនុវត្តបានលទ្ធផលល្អប្រសេីរ និងទុកជាទ្រព្យសម្រាប់ក្មេងជំនាន់ក្រោយអនុវត្តតាម៕