ទុស្សេខ្សែភ្លើងក្លាយជាអគ្គីភ័យបណ្ដាលឲ្យផ្ទះលក់ឥវ៉ាន់មួយបង្កការភ្ញាក់ផ្អើល
រាជធានីភ្នំពេញ៖ ទុស្សេខ្សែភ្លើងក្លាយជាអគ្គីភ័យបណ្ដាលឲ្យផ្ទះលក់ឥវ៉ាន់មួយបង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋយ៉ាងខ្លាំងនៅចំណុចជាប់ផ្សារស្ទឹងមានជ័យថ្មី ផ្ទះលេខ១៧A ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ០១ និង ២០នាទីរសៀលថ្ងៃទី៣០ ខែ មិនា ឆ្នាំ២០១៩ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ សុង សារ៉ស់ អាយុ៣៦ ឆ្នាំមានមុខរបរ លក់អ៉ីវ៉ាន់ មានទីលំនៅផ្តះលេខ ១៧A ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
យោងតាមប្រភពពីម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានឮសម្លេងផ្ទុះ ពេលនោះគាត់បានឡើងទៅមើលនៅជាន់ទីមួយក៏ឃើញមានអណ្ដាតភ្លើងចេញពីបន្ទប់ទឹក ភ្លាមៗគាត់បានពន្លត់ដែរ ប៉ុន្ដែមិនរលត់ក៏រាលដាលដល់ឥវ៉ាន់ផ្សេងទៀតបណ្ដាលឲ្យឆាបឆេះកាន់តែខ្លាំងឡើង ទើបគាត់រាយការណ៍ទៅកម្លាំងសមត្ថកិច្ចឲ្យជួយហៅរថយន្ដពន្លត់ជួយអន្ដរាគមន៍តែម្ដង ។
ក្នុងករណីអគ្គីភ័យនេះរថយន្ដចេញមកជួយបាញ់ពន្លត់ចំនួន១៤ គ្រឿង ទើបអាចគ្រប់គ្រងស្ថានភាពអគ្គីភ័យខាងលើនេះបានទាំងស្រុង ។ ចំពោះសម្ភារៈខូចខាតមួយចំនួន ហើយមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ៕