រថយន្តខ្នាតយក្ស២គ្រឿងដឹកឈើគគីរពីខេត្តស្ទឹងត្រែង មកកាន់ខេត្តកោះកុងលើសលិខិតអនុញ្ញាតរហូតដល់ទៅជាង១០ម៉ែត្រគូប
កោះកុង ៖ រថយន្តយីឌុបចំនួន២គ្រឿងដែលបានដឹកឈើគគីរតាមបណ្តាយផ្លូវជាតិលេខ៤៨ (ភ្នំពេញ-កោះកុង ) ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើស នៃ ស្នងការនគរបាលខេត្តកោះកុង ធ្វើឃាត់ទុកជាបណ្តោះអាសន្នដោយសារតែមានការសង្ស័យថាមានភាពមិនប្រក្រតី ។
លោក មីន រស្មី ស្នងការរងផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច និង គ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានថ្លែងប្រាប់បណ្តាញសារព័ត៌មានអោយដឹងនៅថ្ងៃទី ៣០ ខែមិនា ឆ្នាំ២០១៩នេះថា បន្ទាប់ពីបានឃាត់រថយន្តខាងលើកម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានសហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើធ្វើការវាស់វែងរកឃើញថារថយន្តទាំង២ខាងលើនេះបានដឹកឈើប្រភេទគគីរលើសពីលិខិតអនុញ្ញាត (PC) កំណត់ រហូតដល់ទៅជាង១០ម៉ែត្រគូបឯណ្ណោះ ។
លោក មីន រស្មីបានអោយដឹងទៀតថា ចំពោះឈើដែលខាងសមត្ថកិច្ចរកឃើញថាបានដឹកលើសពីលិខិតអនុញ្ញាត(PC) នោះ សមត្ថកិច្ចនិង បញ្ជូនសំណុំរឿងទៅខាងជំនាញរដ្ឋបាលព្រៃឈើដើម្បីធ្វើការបង់ពិន័យទៅតាមនិតិវិធី ។ ចំពោះអត្តសញ្ញាណម្ចាស់ឈើពុំត្រូវបានសមត្ថកិច្ចបញ្ជាក់ប្រាប់នោះទេ ដោយសារតែអ្នកដែលចេញមុខមកដោះស្រាយប្រាប់ថាពុំស្គាល់អត្តសញ្ញាណអ្នកទិញនោះទេ ដោយត្រឹមតែមានលេខទូរស័ព្ទប៉ុណ្ណោះ ។
គួររំលឹកថា រថយន្តយីឌុបចំនួន២គ្រឿង ដឹកឈើគគីរ ពីខេត្តស្ទឹងត្រែងមកកាន់ខេត្តកោះកុង ដើម្បីយកទៅដាក់ត្រង់ចំនុចភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌសីមា ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការរដ្ឋាននគរបាលខេត្តកោះកុងធ្វើការឃាត់ទុកកាលពីវេលាទៀបភ្លឺនាថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៩ ដោយបានដាក់ការ សង្ស័យថា រថយន្តទាំង២គ្រឿងនេះ មានភាពមិនប្រក្រតី ។