ករណីបាញ់សម្លាប់នៅបាភ្នំ តុលាការសម្រេចឃុំខ្លួនមន្ត្រីប៉ូលិសពីរនាក់ និងមនុស្ស៣នាក់ផ្សេងទៀត

ភ្នំពេញ៖ តុលាការខេត្តព្រៃវែង បានសម្រេចឃុំខ្លួន និងចោទប្រកាន់មនុស្សចំនួន៥នាក់ ដោយក្នុងនោះមានប៉ូលិស២នាក់ ពាក់ព័ន្ធករណីបាញ់សម្លាប់ប្រជាពលរដ្ឋម្នាក់ និងម្នាក់ទៀតរងរបួស ដោយសង្ស័យថាជាចោរលួចរថយន្ត។ ការសម្រេចនេះ ដោយលោក កែ សាខន អនុប្រធានសាលាដំបូងខេត្តព្រៃវែង និងចៅក្រមស៊ើបសួរ កាលពីល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩។

ករណីបាញ់សម្លាប់ប្រជាពលរដ្ឋនេះ បានកើតឡើងកាលពីវេលាម៉ោង២៣,០០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិគោកសណ្តែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។

មនុស្សទាំង៥នាក់ ដែលតុលាការសម្រេចចោទប្រកាន់ និងឃុំខ្លួនមានដូចជាៈ ទី១. ឈ្មោះ ជឹម រតនៈ ភេទប្រុស អាយុ២៩ឆ្នាំ ប្រធានផ្នែកអន្តោប្រវេសន៍ស្រុកព្រះស្តេច។ ២. ឈ្មោះ ជឹម វិន ភេទប្រុស អាយុ២៥ឆ្នាំ ជាមន្ត្រីនគរបាលប៉ស្តិ៍ អ្នកទាំងពីរត្រូវបានចោទពីបទៈ ឃាតកម្មនិងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ដែលបានប្រព្រឹត្ត នៅភូមិគោកសណ្ដែក ឃុំរក្សជ័យ ស្រុកបាភ្នំខេត្តព្រៃវែង កាលពីវេលាម៉ោង២៣,០០យប់ ថ្ងៃទី២៣ ខែមីនាឆ្នាំ២០១៩។ ចំណែកមនុស្សចំនួន៣នាក់ទៀត រួមមានៈ ទី១. ឈ្មោះ សេង ឈិន ភេទប្រុស អាយុ២៥ឆ្នាំ (ជាម្ចាស់បណ្ដឹងផ្ដល់ព័ត៌មានមកឈ្មោះ ផាន់ សុឌី ឲ្យជួយចាប់ចោរលួចឡាន)។ ២. ឈ្មោះ ផាន់ សុឌី ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង បច្ចុប្បន្តជាជាងជួសជុលឡាននៅភ្នំពេញ។ ៣. ឈ្មោះ ភាព ផានី ភេទប្រុស អាយុ៣៨ឆ្នាំ ជាប្រជាពលរដ្ឋនៅឃុំកំពង់សឹង អ្នកផ្ដល់ព័ត៌មានមកប៉ូលិស។ អ្នកទាំងបី ត្រូវបានចោទពីបទៈ ប្ដឹងបរិហារបង្កាច់កេរ្តិ៍ និងញុះឲ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទិ៍ នៅភូមិគោកសណ្ដែក ឃុំរក្សជ័យ ស្រុកបាភ្នំខេត្តព្រៃវែង កាលពីវេលាម៉ោង២៣,០០យប់ថ្ងៃទី២៣ខែមីនាឆ្នាំ២០១៩។ ចំណែកជនរងគ្រោះ (សង្ស័យជាចោរលួចឡាន) ឈ្មោះ យ៉ន រ៉ាវុធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងម៉ៅការសំណង់ មានស្រុកកំណើតនៅ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្លាប់។ ចំណែកអ្នករួមដំណើរជាមួយឈ្មោះ វ៉ាន់ ខេមរិន ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បានរងរបួស និងត្រូវសមត្ថកិច្ចឃាត់ខ្លួន។

សូមជម្រាបថា ករណីស្ទាក់បាញ់សម្លាប់ជនសង្ស័យ បានកើតឡើងកាលពីម៉ោង១១យប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិគោកសណ្តែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ជនសង្ស័យទាំងពីរនាក់ គ្មានអាវុធនៅក្នុងខ្លួនទេ ប៉ុន្តែពេលដែលឈប់ឡាន គឺត្រូវប៉ូលិសដែលជាជនដៃដល់បាញ់តែម្តង៕

អត្ថបទដែលជាប់ទាក់ទង