លោក ហ៊ុន ម៉ានី ជួបសំណេះ សំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រី សមាជិក សមាជិកា ស ស យ ក ខេត្តរតនគិរី

ខេត្តរតនគិរី÷ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្នុងរចនាសម្ព័ន្ធ ស ស យ ក ខេត្តរតនគិរី ដែលមានលោក ថង សាវុន អភិបាលខេត្តរតនគិរីនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជកាជាច្រើនរូបក៏ បានអញ្ជើញចូលរួមសរុបប្រមាណជាង៣០០នាក់នៅសាលមហោស្រព សម្តេចតេជា ហ៊ុន សែន ស្ថិតក្នុងបរិវេណមន្ទីរវប្បធម៌និងវិចត្រសិល្បះខេត្ត។

លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា មនុស្សម្នាក់ៗត្រូវតែប្រឹងប្រែងដោយខ្លូនឯង ដើម្បីឆ្ពោះទៅមុខ ពោពេញដោយការអភិវឌ្ឍ ជាសសរទ្រូងប្រទេសជាតិ ជាពិសេសយុវជនជំនាន់ក្រោយ។ និងប្រមូលផ្តុំយុវជនគ្រប់ទិសទីជាមហាកម្លាំងសាមគ្គីក្នុងការរួមចំណែកកសាងបន្ថែម និងលើក កម្ពស់ប្រទេសកម្ពុជាជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ហើយសហភាពសហព័ន្ធយុវជនកម្ពុជា ជារណសិរ្សទូលំទូលាយនៃយុវជនកម្ពុជា ដែលបានបន្តបេសកកម្មពីសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងសមាគមយុវជនកម្ពុជា ដែលបានបដិសន្ធិនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុងគោលដៅសំខាន់បំផុតដើម្បីប្រមូលផ្តុំយុវជនគ្រប់ទិសទី ជាមហាកម្លាំងសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជា ជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

នាឱកាស់នោះដែរ លោក ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា «សហភាពសហព័ន្ធយុវជនកម្ពុជា នឹង បន្ដសកម្មភាពចូលរួមជាវិជ្ជាមានដល់សង្គមកម្ពុជា ជាពិសេសការបន្ដចូលរួមជាមួយរាជរដ្ឋាភិបាល អង្គការ ស្ថាប័នដៃគូ និងបុគ្គល ដែលមានបេះដូង និងបេសកកម្មដូចគ្នាលើការកសាងអភិវឌ្ឍន៍កម្ពុជាមួយរឹងមាំ និងកាន់តែមានការទទួលស្គាល់ទាំងក្នុងកម្រិតជាតិ និងអន្ដរជាតិ»។ និងដោយផ្អែកលើមូលដ្ឋានធនធានមនុស្ស យុវជនកម្ពុជាដែលមានការទទួលខុសត្រូវ មានឧត្តមគតិ មនសិកា ស្នេហាជាតិ ដើម្បីជាសរសរទ្រូងនៃឆ្អឹងខ្នងដ៏រឹងមាំសម្រាប់ប្រទេសជាតិ នាពេលបច្ចុប្បន្ន និងអនាគត។ បន្ថែមពីនេះ សសយក បន្ដជំរុញយុវជន ឲ្យចូលរួមកម្មវិធីស្ម័គ្រចិត្ត កម្មវិធីសិក្សា កម្មវិធីមនុស្សធម៌ ឬការងារស្ម័គ្រចិត្តនៅតាមសហគមន៍ ដើម្បីយុវជនបានសាកល្បងចំណេះដឹង ទេពកោសល្យ ការច្នៃប្រឌិត និងទទួលបានបទពិសោធន៍ដើម្បីជាឧត្តមប្រយោជន៍របស់ជាតិ។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានអះអាងថា សមិទ្ធផលជាច្រើនដែលសហភាពសហព័ន្ធយុវជនកម្ពុជា សម្រេចបានក្នុងរយៈពេល៦ឆ្នាំកន្លងមក ប៉ុន្ដែក្នុងចំណោមសមិទ្ធផលទាំងអស់នោះ លោកកត់សម្គាល់ថា សមិទ្ធផលដែលធំជាងគេបំផុតនោះ គឺការទទួលស្គាល់ និងការទទួលស្វាគមន៍ ពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់។ ក្នុងរយៈពេល៦ឆ្នាំមកនេះ ប្រជាពលរដ្ឋបានឃើញដោយខ្លួនឯងនូវសកម្មភាព ក្នុងសង្គមរបស់ ស.ស.យ.ក ដោយមិនចាំបាច់មានការណែនាំអ្វីនោះទេ ព្រោះសកម្មភាពទាំងអស់នោះត្រូវលះបង់ដើម្បីតែពលរដ្ឋទាំងអស់។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ក៏បានគូសបញ្ជាក់អំពីសមិទ្ធផលមួយចំនួនផងដែរ ដែលទទួលស្គាល់ជាអន្ដរជាតិ ពោលគឺការបំបែកកំណត់ត្រាពិភពលោក រួមមាន នំអន្សមយក្ស, រាំម៉ាកឌីហ្សូន, ក្រម៉ាវែងជាងគេលើពិភពលោក និងទូក «ង» វែងជាងគេលើពិភពលោក។ ដោយឡែកសម្រាប់ថ្នាក់ជាតិ រួមមាន មួកយក្ស, ពងមាន់យក្ស, អង្រុកយក្ស, ចាប៉ីដងវែងធំជាងគេ និងសមិទ្ធផលជាច្រើនផ្សេងៗទៀត។ ហើយចំពោះយន្ដការដែលស.ស.យ.ក ត្រូវអនុវត្តបន្ដទៀតនៅពេលខាងមុខនោះ គឺការបន្ដសកម្មភាពសង្គម ដែលបានអនុវត្តនាពេលកន្លងមក ព្រោះថា ស.ស.យ.ក ជាវេទិកាមួយដែលបង្កើតឲ្យយុវជន យុវនារី ដែលមានឆន្ទះក្នុងការធ្វើការងារសង្គម មិនថាកីឡា វប្បធម៌ មនុស្សធម៌ ផ្ដល់ឈាម ឬការពិនិត្យសុខភាព ទៅដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង