រដ្ឋបាលខេត្តកំពង់ធំ ឯកឧត្ដម សុខលូ បានត្រៀមខ្លួនជាស្រេច ដើម្បីរួមសហការគ្នាជាមួយអង្គការ NGO (អង្គការមិនមែនរដ្ឋាភិបាល) ក្នុងការអភិវឌ្ឍន៍ មូលដ្ឋាន និងសង្គមជាតិ

កំពង់ធំ÷ នៅរសៀលថ្ងៃទី ២៧ខែមីនាឆ្នាំ ២០១៩ ឯកឧត្តមសុខលូ បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំវេទិការពិគ្រោះយោបល់ជាមួយ សមាគមអង្គការមិនមែនរដ្ឋាភិបាល(NGO)ក្នុងខេត្ត ដោយបានមានប្រសាសន៍ ចាត់ទុក អង្គការនេះ ជាដៃគូរកិច្ចសហការល្អនិងបានដើរតួនាទីយ៉ាងសំខាន់ មិនអាចខ្វះបានក្នុងការរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសជាតិ ស្របតាមកម្មវិធី គោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានសិក្សារួមគ្នាស្វែងយល់ពីបញ្ហាប្រឈម និងទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយ និងចូលរួមជួយលើកកម្ពស់សិទ្ធិទទួលបានព័ត៌មានពិតប្រាកដ ដើម្បីទប់ស្កាត់ឥទ្ធិពលអាក្រក់នៅក្នុងសង្គម ដែលកើតចេញពីការបំផ្លើសព័ត៌មានបង្កឡើងដោយមជ្ឈដ្ឋានមួយចំនួន។

ការផ្លាស់ប្តូរយោបល់ រវាងអាជ្ញាធរខេត្ត និងអង្គការ NGO លើកឡើងនៅក្នុង វេទិកានេះ គេសង្គេតឃើញ បានបង្កើតឱកាស និងបរិយាកាសល្អសម្រាប់កិច្ចពិភាក្សា និងពិគ្រោះយោបល់ដោយត្រង់ទៅត្រង់មក និងដោយផ្ទាល់រវាងអង្គការ NGO ជាមួយអាជ្ញាធរពាក់ព័ន្ធ លើបញ្ហាប្រឈមជាក់ស្តែងក្នុងមូលដ្ឋាន និងសំណូមពរផ្សេងៗរបស់ប្រជាជន ហើយបញ្ហាមួយចំនួនទៀត ដែលទាមទារឱ្យមានការសិក្សាបន្ថែម និងការដោះស្រាយក្នុងកម្រិតបច្ចេកទេសជំនាញ និងត្រូវយកទៅពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ន និងសមត្ថកិច្ចជំនាញ ដើម្បីបន្តស្វែងរកដំណោះស្រាយបន្ត។

ចុងក្រោយ ឯកឧត្តម សុខ លូ ផ្តាំផ្ញើដល់អង្គការមិនមែនរដ្ឋាភិបាលទាំងអស់សូមចូលរួមធ្វើសកម្មភាពនៅតាមមូលដ្ឋាន ឲ្យស្របទៅនឹងច្បាប់ NGO របស់កម្ពុជា។ហើយឯកឧត្តមក៏បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ធំ បានត្រៀមខ្លួនជាស្រេច ដើម្បីរួមសហការគ្នាជាមួយអង្គការ NGO (អង្គការមិនមែនរដ្ឋាភិបាល) ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិប្រកបដោយចីរភាព៕

អត្ថបទដែលជាប់ទាក់ទង