រថយន្តវ៉េអងរបស់វៀតណាមបើកមិនប្រយ័ត្ន ត្រូវរថយន្តក្រុងបុករងការខូចខាតទាំងសងខាង សំណាងមិនគ្រោះថ្នាក់ដល់ជីវិត នៅស្រុកកូនមុំ

ខេត្តរតនគិរី÷ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តកាលពីវេលាម៉ោង៩និង០០នាទីយប់ថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់បង្គោលគីឡូលេខ៥១១-៥១២ ចំណុចផ្លូវបំបែកចូលក្រុមហ៊ុនហ័ងអញ់យ៉ាឡាយ(វៀតណាម) ស្ថិតនៅក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ បណ្តាលឲ្យរថយន្តទាំងសងខាងរងការខូចខាត មិនបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់ឡើយ។

អធិការនគរបាលស្រុកកូនមុំទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណ:លោក ពុធ សាវី បានឲ្យសារព័ត៌មានដឹងថា រថយន្តបង្កម៉ាកវ៉េអង បើកបរដោយឈ្មោះ មាក់ វ៉ាន់ហាវ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាមស្នាក់នៅក្នុងក្រុមហ៊ុន ហ័ងអញ់យ៉ាឡាយ(វៀតណាម)ខណ:បើកបរចេញពីក្នុងក្រុមហ៊ុនក្នុងទិសដៅពីត្បូងទៅជើងហើយបត់ទៅខាងលិចមិនបានប្រុងប្រយ័ត្ន។ ស្របពេលនោះរថយន្តក្រុងបើកបរក្នុងទិសដៅពីកើតទៅលិចក៏មកដល់បានប៉ះចំហ្នឹងក្បាលរថយន្តយ៉ាងពេញទំហឹងតែម្តង។

លោក ពុធ សាវី អធិការរងបានបន្តទៀតថា រថយន្តក្រុង៤៥កៅអី បើកបរដោយឈ្មោះ តេង គូ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទេសអន្លង់ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី រថយន្តក្រុង៤៥កៅអី ក្បាលពណ៌ស លាយខៀវ ពាក់ស្លាកលេខភ្នំពេញ3E-1088។ រីឯរថយន្តបង្កមួយគ្រឿងម៉ាក វ៉េអង ពណ៌ស ពាក់ស្លាកលេខ វៀតណាម 60C-43066។

ក្រោយកើតហេតុនគរបាលមូលដ្ឋានចុះមកអន្តរាគមន៍បានរឹបអូសយកមធ្យោបាយទាំង២គ្រឿងទៅរក្សាទុកនៅអធិការនគរបាលស្រុកកូនមុំដើម្បីសម្របសម្រួលគ្នានៅពេលក្រោយ៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង