សងសំណង៣លានរៀលដើម្បីបញ្ចប់រឿងហឹង្សារបស់នាយកសាលាឯកជនកម្ពុជបុត្តលើសិស្សថ្នាក់ទី២

កោះកុង ៖ បន្ទាប់ពីលោកនាយកសាលាឯកជនចំណេះដឹងទូទៅ កម្ពុជបុត្ត បានវាយទៅលើសិស្សថ្នាក់ទី២ (ក) ឈ្មោះ ឡេង លីហ្សា បណ្តាលអោយមានស្នាមជាំត្រង់គូជជាច្រើនកន្លែងរួចមក នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ម្សិលម៉ិញ លោក ឡេង សារិន ដែលជានាយកសាលា និង ភរិយា បានចេញមុខសុំទោសដល់អាណាព្យាបាលសិស្សឈ្មោះ ឡេង លីហ្សា និង សងជំងឺចិត្ត ជាថវិកាចំនួន ៣លានរៀលដើម្បីជាការបញ្ចប់រឿងរ៉ាវត្រឹមនេះ ។

លោកស្រី ផាន់ លាងហ៊ីម បានថ្លែងប្រាប់បណ្តាញសារព័ត៌មានអោយដឹងនៅថ្ងៃទី២៥ ខែមីនានេះថា លោកស្រី និងប្តី បានសម្រេចចិត្តទទួលសំណងជាថវិកា និងការសុំទោសពីលោកនាយកសាលានេះ គឺដោយសារតែលោក ឡេង សារិន ដែលជានាយកសាលាបានទទួលនូវកំហុសដែលខ្លួនបានប្រព្រឹទ្ធមកលើកូនស្រីរបស់ពួកគាត់ ម៉្យាងទៀតប្រពន្ធរបស់លោកនាយករូបនេះបានមកធ្វើការអង្វរដល់ក្រុមគ្រួសារគាត់ជាច្រើនលើកច្រើនសារណាស់មកហើយ ហើយរូបគាត់និងក្រុមគ្រួសារក៏មិនចង់អោយមានរឿងរ៉ាវវែងឆ្ងាយនោះដែរ ទើបពួកគាត់សម្រេចចិត្តទទួលសំណងនិងដកពាក្យបណ្តឹង ។

ប្រភពដដែលបានលើកឡើងទៀតថា បើទោះបីជារូបគាត់ និង ក្រុមគ្រួសារយលព្រមក្នុងការទទួលសំណង និង ដកពាក្យបណ្តឹងហើយក្តីក៏ពួកគាត់មិនអាចអោយកូនរបស់គាត់ចូលរៀននៅសាលាឯកជនមួយនេះបានទៀតដែរ គឺពួកគាត់បានសម្រេចចិត្តយ៉ាងច្បាស់ថានិងយកកូនរបស់គាត់ទៅរៀននៅសាលាផ្សេងវិញ ។

ជុំវិញបញ្ហាខាងលើ លោក អ៊ីវ ត្រាយ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកោះកុង ក៏បានអោយដឹងតាមទូរស័ព្ទដែរថា បើទោះជាមានការសម្របសម្រួលតាមរយះសមត្ថកិច្ចមូលដ្ឋានក្នុងការបញ្ចប់សំណងរដ្ឋប្បវេណីរវាងភាគីទាំង២យ៉ាងណាក្តី ក៏បណ្តឹងអាជ្ញានៅតែបន្តតាមនិតិវិធីច្បាប់ដដែល ខណះពេលនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនមកខាងអយ្យការសាលាដំបូងខេត្ត ។

ចំពោះលោក ង៉ែត ឡឹង ដែលជាប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុងបានអោយដឹងដែរថា លោកបានចាត់មន្ត្រីការិយាល័យជំនាញចុះទៅដល់ទីតាំងដើម្បីធ្វើការពិនិត្យស្រាវជ្រាវ ពីកំហុសឆ្គងរបស់លោក ឡេង សារិន ដែលជានាយកសាលាឯកជន ចំណេះដឹងទូទៅ កម្ពុជបុត្ត ដែលបានប្រព្រឹទ្ធខុសពីក្រមសីលធម៌វិជ្ជាជីវះជាគ្រូបង្រៀន ពិសេសគឺការប្រព្រឹទ្ធខុសនូវបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអប់រំ តាមរយះការធ្វើកិច្ចសន្យា ជាលាយលក្ខណ៍អក្សរ ។

ដោយឡែក លោក ឡេង សារិន ដែលជានាយកសាលាចំណេះដឹងទូទៅ កម្ពុជបុត្តបានឆ្លើយយ៉ាងខ្លីថារូបលោកបានសម្រួលគ្នាជាមួយខាងអាណាព្យាបាលសិស្សរួចរាល់អស់ហើយ ហើយខាងអាណាព្យាបាលសិស្សក៏បានដកពាក្យបណ្តឹងរួចរាល់អស់ហើយដែរ ពុំមានអ្វីទៀតនោះទេ ។

មហាជនជាច្រើនក្នុងខេត្តកោះកុងកំពុងរងចាំមើលពីចំណាត់ការរបស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុងថាតើអាចមានវិធានការលើលោកនាយកសាលាឯកជន កម្ពុជបុត្តដែរឬទេ ជុំវិញការប្រើប្រាស់ហិង្សារហូតដល់មានស្នាមជាំជាច្រើនកន្លែងដល់សិស្សបែបនេះ ហើយពួកគាត់ក៏បានលឺនូវពាក្យចចាមអារាមជាច្រើនថាសាលាឯកជនមួយនេះបានផុតអាជ្ញាប័ណ្ណ និងមិនបានបន្តអាជ្ញាប័ណ្ណជាយូរណាស់មកហើយ ។

គួររំលឹកថាកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ លោក ឡេង សារិន ដែលជានាយកសាលាចំណេះដឹងទួទៅ កម្ពុជបុត្ត បានវាយសិស្សថ្នាក់ទី២(ក)ជាំគូថជាច្រើនកន្លែង ដោយសារសិស្សគុណលេខមិនត្រូវ ហើយការវាយនេះមិនមែនធ្វើមកលើសិស្សត្រឹមតែម្នាក់នោះទេ ការប្រព្រឹទ្ធនូវអំពើហឹង្សារបស់លោកនាយកសាលារូបនេះជាទង្វើមួយដែលផ្ទុយទាំងស្រុងពីបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអប់រំយុវជន និង កីឡា ។

អត្ថបទដែលជាប់ទាក់ទង