ស្តុបក្រហមមិនព្រមឈប់ទេ! ត្រូវនារីរូបស្រស់បើករថយន្តPrius ទៅបុកស្លាប់១របួស១
រាជធានីភ្នំពេញ ៖ យុវតីរូបស្រស់បើករថយន្តព្រុសយ៉ាងលឿន ទៅបុកកង់បីឥណ្ឌាកំពុងដឹកភ្ញៀវចំពីចំហៀងបណ្តាលឲ្យបុរសបរទេសម្នាក់ទៀតរបួសធ្ងន់ និងស្ត្រីម្នាក់ស្លាប់បោកក្បាលស្លាប់ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១:៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៨នេះ នៅចំណុចស្តុបទន្លេបាសាក់ តាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា : នៅមុនពេលកើតហេតុ គេឃើញកង់បីឥណ្ឌាមួយគ្រឿងដឹកភ្ញៀវ២នាក់ ធ្វើដំណើរ តាមបណ្តោយផ្លូវ១៦៣ ទិសដៅពីជើងទៅត្បូង ខណៈភ្លើងស្តុបក្រហម តែចង់ទៅអោយផុត ស្រាប់តែមានរថយន្ត Prius ពណ៌កណ្ដុរប្រមេះ មួយគ្រឿង មិនមានស្លាកលេខ បើកបរដោយយុរវតីរូបស្រស់ម្នាក់ ទិសដៅពីលិចទៅកើត ខណៈភ្លើងស្តុបពណ៍ខៀវ ទៅបុកកង់បីឥណ្ឌាពេញទំហឹង បណ្តាលឲ្យស្ត្រីម្នាក់ដែលជិះបោកក្បាលនឹងដែកកង់បីស្លាប់ ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យ។
នារីរូបស្រស់ជាអ្នកបើករថយន្តបង្កហេតុមានឈ្មោះ ងួន ស្រីនិច ភេទស្រី អាយុ២១ឆ្នាំ ត្រូវបានសមត្ថកិច្ចនាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលទួលទំពូង១ ក្រោយមកមិនដឹងយ៉ាងម៉េចក៏ត្រូវបានសន្លប់បាត់ស្មារតីឈឹង ហើយត្រូវបានសមត្ថកិច្ចនិងក្រុមគ្រួសារនាំទៅមន្ទីរពេទ្យ។
បុរសបរទេសដែលរងរបួសធ្ងន់នៅមិនស្គាល់អត្តសញ្ញាណនោះទេ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនដឹកទៅមន្ទីរពេទ្យ។
ស្រ្តីរងគ្រោះមានឈ្មោះ តាក់ ចន្នី អាយុ៣៨ឆ្នាំ មុខរបរ អ្នកចម្រៀង រ៉ុកខេនរ៉ូល នៅហាងបារាំង ស្នាក់នៅម្ដុំផ្សារទួលទំពូង និងមានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ស្ត្រីរងគ្រោះមានកូនប្រុសអាយុ១៣ឆ្នាំម្នាក់ ក្នុងបន្ទុក ។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានមកដល់កន្លែងកើតហេតុ ទាក់ទងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះមកធ្វើការវាស់វែង រួចរថយន្តនិងកង់បីឥណ្ឌាទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំភាគីទាំងសងខាងធ្វេីការដោះស្រាយគ្នានៅពេលក្រោយ និងធ្វើកំណត់ហេតុប្រគល់សាកសពឲ្យក្រុមគ្រួសារ យកធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនានៅឯស្រុកកំណើតស្ថិតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ៕