មនុស្ស២នាក់បានរងរបួសធ្ងន់និងស្រាល បន្ទាប់ពីជិះម៉ូតូស្របទិសគ្នាហើយដោយខ្វះការប្រុងប្រយ័ត្នទើបបណ្តាលឲ្យជួបគ្រោះថ្នាក់ចរាចរណ៍
ខេត្តរតនគិរី÷ ម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹងខណ:បើកបរក្នុងទិសដៅស្របគ្នាពីជើងទៅត្បូងបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ស្រាល ដោយខ្វះការប្រុងប្រយ័ត្ន។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩កន្លងទៅ នៅចំណុចមុខផ្ទះជាងកេន ស្ថិតនៅក្នុងភូមិលោម ឃុំម៉ាលិក ស្រុកអណ្តូងមាស។
មន្ត្រីនគរបាលស្រុកអណ្តូងមាសបានឲ្យដឹងថា បើកបរម៉ូតូដោយឈ្មោះ សេវ បឺង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិច្រាយ រងរបួសស្រាល ជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវឆ្លាម ពណ៌ស អត់ស្លាកលេខ បច្ចុប្បន្នរស់នៅភូមិតាំងជិ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។
រីឯអ្នកបើកបរម្នាក់ទៀតឈ្មោះ គុណ គួង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រងរបួសធ្ងន់ បច្ចុប្បន្នរស់នៅភូមិ/ឃុំកើតហេតុខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រី សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1Q 8119។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរគមន៍ដឹកបញ្ជូននាក់រងរបួសធ្ងន់ទៅកាន់មណ្ឌលសុខភាពស្រុកអណ្តូងមាសដើម្បីជួយសង្គ្រោះ។
ដោយឡែកមធ្យោបាយទាំង២គ្រឿងត្រូវបានកម្លាំងជំនាញរឹបអូសយកមករក្សាទុកនៅអធិការនគរបាលស្រុកអណ្តូងមាស ដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ សាវ័ន