ផ្ទុះគ្រាប់កែច្នៃទៀតហើយ!! យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីកែច្នៃគ្រាប់បែកត្រូវខ្លួនឯង នៅស្រុកអូរយ៉ាដាវ

ខេត្តរតនគិរី÷ យុវជនម្នាក់ ខណ:យកគ្រាប់រំសេវផាវមកកែច្នៃបោកត្រី បានភ្លាត់ស្នៀតត្រូវខ្លួនឯងរងរបួសធ្ងន់ធ្ងរ។

ករណីផ្ទុះគ្រាប់កែច្នៃនេះបានកើតឡើងនៅវេលាម៉ោង១០និង២៥នាទីព្រឹក ថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៩ ខែមីនា​ ឆ្នាំ២០១៩នៅចំណុចដងទន្លេសេសាន ស្ថិតនៅក្នុងភូមិសាស្ត្រភូមិប៉ាតាង ឃុំសេសាន ស្រុកអូរយ៉ាដាវ។

មន្ត្រីនគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រម៉ាស ធាន់ ភេទប្រុស អាយុ២៥ឆ្នាំ​ ជនជាតិច្រាយ រស់នៅភូមិ/ឃុំ កើតហេតុខាងលើ រងរបួសធ្ងន់ បែកភ្នែកខាងស្តាំ ដាច់ប្រអប់ដៃខាងឆ្វេង និងត្រង់ភ្លៅខាងឆ្វេងផងដែរ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនមកសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពស្រុកអូរយ៉ាដាវដើម្បីជួយសង្គ្រោះភ្លាមៗផងដែរ។

សូមបញ្ជាក់ថា ករណីផ្ទុះគ្រាប់កែច្នៃបោកត្រីធ្វើអំពីរំសេវផាវនេះ កន្លងមកមានប្រជាពលរដ្ឋបានរងរបួសជាបន្តបន្តាប់ ដោយសារករណីខាងលើនេះ ប៉ុន្តែអាជ្ញាធរមូលដ្ឋានពុំមានចំណាត់ការទាល់តែសោះទៅលើពលរដ្ឋដែលបានប្រើប្រាស់គ្រាប់បែកកែច្នៃមួយនេះ។ឬមួយអាជ្ញាធរមូលដ្ឋានទាំងនោះអសមត្ថភាពក្នុងការគ្រប់គ្រង?៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង