សាខាកាំកុងត្រូលខេត្តស្វាយរៀង ប្រកាសអោយប្រើប្រាស់គ្រឿងឧបភោគ បរិភោគ ជាច្រើនមុខ នៅក្នុងផ្សារជីភូ បន្ទាប់ពីក្រុមការងារសាខា ត្រួតពិនិត្យគំរូសំណាក រកមិនឃើញមានសារធាតុអ្វីគួរសង្ស័យ
ស្វាយរៀង ៖ គ្រឿងឧបភោគ បរិភោគ បន្លែ ផ្លែឈើ ត្រី សាច់ និងគ្រឿងសមុទ្រ ចំនួន ១៤គំរូ ស្ថិតនៅក្នុងផ្សារជីភូ ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានមន្ត្រីសាខាកាំកុងត្រូល ប្រកាសអោយពលរដ្ឋ ប្រើប្រាស់ជាចំណីរ អាហារ បន្ទាប់ពីក្រុមការងារបច្ចេកទេសត្រួតពិនិត្យ រកមិនឃើញសារធាតុអ្វីជាការសង្សយ័ ។
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង បានប្រាប់ថាអនុវត្តតាមអនុសាសន៏របស់ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល ស្តីពីការទប់ស្កាត់សារធាតុគីមី នៅលើបន្លែ ផ្លែឈើ ត្រី សាច់ និងគ្រឿងឧបភោគបរិភោគ ដើម្បីរក្សាការពារសុខមាលភាពពលរដ្ឋ ក្នុងការហូបចុក សាខាបានចុះធ្វើការ ត្រួតពិនិត្យរកសារធាតុគីមីបឋម នៅលើគំរូសំណាក ណែមសាច់ត្រី ស្ពៃជ្រក ជ្រក់សណ្តែក បាញ់កាញ់ សសៃគុយទាវ បង្កង មឹក និងផ្លែឈើ ក្នុងផ្សារជីភូ ក្រុងបាវិត ខេត្តស្វាយរៀង ដោយទទួលបានលទ្ធផលជាវិជ្ជមាន ។
លោកប្រធានសាខាបានបញ្ជាក់បន្ថែមថា បច្ចុប្បន្នគ្រឿងឧបភោគ បរិភោគ បន្លែ ផ្លែឈើ និងគ្រឿង វេចខ្ចប់ជាទូទៅនៅក្នុងខេត្ត ពិសេសនៅតាមទីផ្សារនានា រហូតមកដល់ពេលនេះ ដូចជាគ្មានអ្វីគួរជាការចាប់អារម្មណ៍នោះទេ បន្ទាប់ពីក្រុមឈ្មួញនាំចូលយកមកលក់ ដោយភាពទទួលខុសត្រូវ គួបផ្សំទៅនឹងការយល់ដឹងកាលបរិឆ្ឆេតមួយច្បាស់លាស់ នូវប្រភេទ បន្លែ ផ្លែឈើ និងគ្រឿងវេចខ្ចប់ដែលកំពុងធ្វើចរារចរ ។
ទាក់ទងទៅនឹងការត្រួតពិនិត្យរកសារធាតុគីមី នៅលើគ្រឿងឧបភោគបរិភាគ បន្លែ ផ្លែឈើ ត្រីសាច់ គ្រឿងសមុទ្រ ទទួលបានលទ្ធផលជាវិជ្ជមាន នៅពេលនេះក្តី ក្នុងនាមសាខា លោក ផឹង និល បានអំពាវនាវដល់ពលរដ្ឋ នៅទូទាំងខេត្ត បន្តសហការទប់ស្កាត់ ករណីសង្ស័យការនាំចូលគ្រឿងឧបភោគ បរិភោគ វេចខ្ចប់ យកមកតាំងលក់ ជាមួយស្ថាប័នជំនាញ ដើម្បីមានវិធានការបង្ក្រាប សំដៅរួមរក្សាសុខមាលភាពខ្លួនឯង និង អ្នកនៅជុំវិញខ្លួន ហើយក៏ធ្វេីការចំអិនម្ហូបអាហារ អោយបានឆ្អិនល្អ មុននឹងហូបពិសារ ( ពោលកុំប្រថុយហូបចុកពេកខណៈដែលចំណីអាហារមិនទាន់ឆ្អិន ) ៕