សំណាងមួយលើ១ពាន់គ្រោះថ្នាក់បើករថយន្តធ្លាក់ចូលក្នុងជ្រោះ មិនមានគ្រោះថ្នាក់ដល់អាយុជីវិត
ខេត្តរតនគិរី÷ រថយន្តមួយគ្រឿងបើកលឿនជ្រុលរ៉េចង្កូតធ្លាក់ផ្លូវចុះក្នុងជ្រោះបណ្តាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំ និងបាក់បង្គោលចំណាំដងផ្លូវកោងចំនួនបីដើមតែសំណាងល្អអ្នកបើកបររថយន្តមិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយជាពិសេសអ្នកធ្វើដំណើរតាមដងផ្លូវសាធារណ:។
ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងបានកើតឡើងនៅវេលាម៉ោង៤និង៥២នាទីល្ងាច ថ្ងៃសៅរ ៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៧៨A ទល់មុខស្ថានីយ៍ប្រេងឥន្ធះ លីធី ស្ថិតនៅក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុឃើញរថយន្តបង្កខាងលើបានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនខណះមកដល់ត្រង់ចំណុចកើតហេតុ(ស្ថានភាពផ្លូវកោងផង)បានរ៉េចង្កូចទៅខាងឆ្វេងដៃឆ្កុយ ។បើតាមការសន្និដ្ធានពីអ្នកធ្វើដំណើរតាមដងផ្លូវថា ម្ចាស់រថយន្តបើមិនង៉ក ក៍ស្រវឹងស្រាផងដែរទើបបង្កអោយរថយន្តរ៉េចង្កូចហើយធ្លាក់ផ្លូវក្រឡាប់កាប់ផ្ងើរពីរបីត្រឡប់ទៅក្នុងជ្រោះនោះយ៉ាងដូច្នេះ។
ប្រភពបានបន្តថា ក្រោយពីក្រឡាប់រថយន្តរួចមកឃើញតៃកុងរថយន្តបានចេញពីក្នុងរថយន្តនោះដោយសុវត្ថិភាព បោយដៃខ្វាយៗឲ្យគេជួយអន្តរាគមន៍។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កមួយគ្រឿងនេះម៉ាកNAVARA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2W-6900 ម្ចាស់រថយន្តត្រូវបានស្គាល់ជាថៅកែឃ្លាំងលីធីវី ទិញនិងស្តុកដំឡូងមី មានទីលំនៅក្នុងភូមិ/ឃុំកើតហេតុខាងលើ និងត្រូវជាដន្លង ជាមួយលោក សុខរដ្ឋាវិសាលប្រធានវិទ្យុផ្កាព្រៃប្រចាំខេត្តរតនគិរី សំណាងល្អម្ចាស់បើកបរពុំមានរងរបួសស្នាមអ្វីឡើយ។
ក្រោយកើតហេតុគេឃើញសមត្ថកិច្ចអាវុធហត្ថក្រុងចុះមកសម្រួលចរាចរណ៍តាមផ្លូវកុំឲ្យកកស្ទះ ពីអ្នកធ្វើដំណើរឈរមើលព្រោងព្រាតនោះ ។
ក្រោយមកម្ចាស់រថយន្តបានហៅរថយន្តស្ទូចមកស្ទចយកទៅជួសជុលដោយខ្លួនឯង ដោយឡែកគេមិនទាន់ដឹងថា :ខាងមន្ទីរសាធារណះការនិងដឹកជញ្ជូនខេត្តរតនគិរីនិងចាត់វិធានការបែបណាចំពោះបង្គោលទាំងបីរបស់រដ្ធ(ចំណាំដងផ្លូវ)ដែលរងការដួលរាបស្មើពីរថយន្តបង្កខាងលើនោះ?៕ ដោយ សាវ័ន