សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ចុះត្រួតពិនិត្យបង្គោលព្រំដែនលេខ២៩-លេខ៣០និងសួរសុខទុក្ខ កងកម្លាំងចំនួន២៥០នាក់ឈរជើងនៅតាមបន្ទាត់ព្រំដែនខេត្តរតនគិរី កម្ពុជា-វៀតណាម

ខេត្តរតនគិរី÷ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅរសៀលទី៦ ខែមីនា ឆ្នាំ២០១៩ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិចុះត្រួតពិនិត្យបង្គោលព្រំដែនលេខ២៩-លេខ៣០ច្រកទ្វារអន្តរជាតិអូរយ៉ាដាវនិងសួរសុខទុក្ខកម្លាំងការពារព្រំដែនចំនួន២៥០ នាក់ស្ថិតនៅទីបញ្ជាការវរសេនាតូចការពារព្រំដែនលេខ១០២ ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

នៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខកងទ័ពដែលឈរជើងតាមបណ្ដោយព្រំដែន សម្ដេចពិជ័យសេនា ទៀ បាញ់ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ អំពីសំណាក់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចជាកាលសម្ដេចទាំង២តែងតែបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅជួរមុខជានិច្ច។

សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែងនូវការកោតសរសើរ ចំពោះ គំរូវីរភាព របស់កងកំម្លាំងទាំងអស់ជាពិសេសកងកំលាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញ កាតព្វកិច្ច បំរើជាតិមាតុភូមិប្រកបដោយទំនួល ខុសត្រូវខ្ពស់ ចំពោះការការពារបូរណៈភាពទឹកដី នៅតាមបន្ទាត់ព្រំដែន។

សម្ដេចពិជ័យសេនា ក៏បាន សំណូមពរដល់សមត្ថកិច្ចដែលកំពុងឈរជើង នៅតាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវតែបន្តបង្កើនកិច្ច សហប្រតិបត្តិការល្អលើគ្រប់វិស័យ និងសាមគ្គីភាពល្អ ជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសជិតខាង ដើម្បីធ្វើយ៉ាងណាឲ្យព្រំដែនប្រទេសយើងទាំង២ ក្លាយជាព្រំដែនសន្តិភាព មានការផ្លាស់ប្ដូរពាណិជ្ជកម្មគ្នាទៅវិញទៅមកជាពិសេសធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនប្រកបរបរទទួលទានកាន់តែមានជីវភាពល្អប្រសើរទ្វេឡើង៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង