ផ្លូវល្បឿនលឿនដំបូងបំផុតនៅកម្ពុជា «ភ្នំពេញ-ព្រះសីហនុ» នឹងបើកការដ្ឋានសាងសង់នាថ្ងៃទី២២ ខែមីនា
ភ្នំពេញ៖ ទីបំផុតទៅផ្លូវ ល្បឿនលឿន ដំបូងបំផុតនៅកម្ពុជាតភ្ជាប់ពី រាជធានីភ្នំពេញ ទៅ ខេត្តព្រះសីហនុ ដែលប្រជាពលរដ្ឋ កំពុងទន្ទឹង រង់ចាំអស់រយៈពេល ជាយូរមកនោះ នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះហើយ។
ពីធីនេះនឹងប្រព្រឹត្ត ទៅក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
នេះបើយោងតាមតារាងកម្មវិធីការងាររបស់សម្តេចតេជោ ហ៊ុន សែន។
គម្រោងសាងសង់ផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានចុះហត្ថលេខារវាង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានចុះហត្ថលេខាជាមួយលោក លាវ ឈីថាវ ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន កាលពីដើមឆ្នាំ២០១៨។
ពិធីចុះហត្ថលេខានោះធ្វើឡើង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ក្នុងពេលដែលលោកនាយករដ្ឋមន្ត្រីចិនបំពេញទស្សនកិច្ចនៅកម្ពុជា។
ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ធ្វើឡើងតាមរូបភាពសាងសង់-អាជីវកម្ម-ផ្ទេរ (BOT)។
ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនចិនឈ្មោះ CAMBODIAN PPSHV EXPRESSWAY CO.,LTD.។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គ្រោងសាងសង់ជាបួនគន្លង ដោយ២គន្លងទៅ ២គន្លងមក ខណ្ឌដោយសួរច្បារកណ្ដាលទ្រូងផ្លូវ មានប្រវែងសរុបជិត ២០០គីឡូម៉ែត្រ ទទឹង២៤ម៉ែត្រ ក្រាលកៅស៊ូ AC ហើយមានកសាងរបងបាំងសងខាងផ្លូវ ដើម្បីការពារសុវត្ថិភាពជូនអ្នកធ្វើដំណើរផងដែរ។
ផ្លូវល្បឿនលឿននេះគ្រោងប្រើពេលសាងសង់ ៤ឆ្នាំ។
លោក ស៊ុន ចាន់ថុល បានបង្ហាញក្តីរំពឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ នឹង ដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ពីរគឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
ជាពិសេសការដឹកទំនិញពីបណ្តារោងចក្រនានាទៅកាន់កំពង់ផែស្វយ័តព្រះសីហនុ សម្រាប់ការនាំចេញទៅកាន់ប្រទេស ក៏ដូចជាការដឹកទំនិញពីកំពង់ផែស្វយ័តព្រះសីហនុទៅតំបន់ទៅតំបន់ដទៃទៀត។
លោករដ្ឋមន្ត្រីជឿថា ផ្លូវល្បឿនលឿនមួយខ្សែនេះ នឹងរួមចំណែកកាន់តែខ្លាំងក្នុងការជំរុញសេដ្ឋកិច្ចរបស់កម្ពុជា៕