រយះ២ថ្ងៃប៉ុណ្ណោះ ប៉ូលីសខេត្តតាកែវ បំបែកសំណុំរឿង ឃាតកម្មដ៏កក្រើកនៅក្នុងក្រុងដូនកែវ
តាកែវ៖ រយះពេល ២ថ្ងៃ ប៉ុណ្ណោះកំម្លាំងជំនាញនៃស្នងការដ្ឋាននគរបាល ខេត្តតាកែវ ដឹកនាំបញ្ជាផ្ទាល់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានបំបែកសំណុំរឿងឃាតកម្មដ៏កក្រើកក្រុងដូនកែវ ករណីសម្លាប់នារីម្នាក់ នៅក្នុងផ្ទះសំណាក់ ប៉ាអ៊ី ម៉ាក់អ៊ី ហើយ ក្រោយមកឃាតករបានរត់គេចខ្លួនបានរយៈពេលពីរថ្ងៃ ។
បើតាមការអោយដឹង ពីលោកអធិការ ក្រុងដូនកែវ លោក ឥន្ទ មណ្ឌល បានអោយដឹងថា ករណីឃាតកម្មរំលោភសម្លាប់នេះគឺបានកើតឡើងនៅថ្ងៃទី ០៤ ខែមីនា ២០១៩ ឋិតនៅក្នុងផ្ទះសំណាក់ប៉ាអ៊ី ម៉ាក់អ៊ី ភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
នៅក្នុងថ្ងៃនោះដែរ កំលាំងនគរបាលជំនាញ បានចុះធ្វើកោសល្យវិច័្ចយ ភ្លាមៗ ដោយបានសន្និដ្ឋានថា ករណីនារីវ័យក្មេងដេកស្លាប់នៅក្នុងផ្ទះសំណាក់នេះ គឺជាករណីឃាតកម្ម ដោយឃាតករធ្វើសកម្មភាពរំលោភរួច មូលករបំបាក់តែម្តង ។
ក្រោយពេលពិនិត្យនិងធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចជំនាញ បានធ្វើការកំណត់មុខសញ្ញាបានភ្លាមៗ តែនៅមិនទាន់អោយរឿងនោះបែកចេញក្រៅឡើយ ពីព្រោះខ្លាចជនសង្ស័យដឹងខ្លួន រត់គេចខ្លួន មានការពិបាកក្នុងការតាមចាប់ខ្លួន ។
លុះមកដល់រសៀលថ្ងៃទី ០៥ ខែមីនា ២០១៩នេះ ជនសង្ស័យត្រូវបានចាប់ខ្លួន វេលាម៉ោង១៦និង៣០នាទី ត្រង់ចំណុចភូមិថ្នល់បែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយកម្លាំងជំនាញស្នងការខេត្តតាកែវសហការជាមួយកម្លាំងជំនាញស្នងការខេត្តកំពង់ស្ពឺ ទើបអាចចាប់ខ្លួនជនសង្ស័យបាន។
ជនសង្ស័យមានឈ្មោះ សុខ ចន្ធលីដា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ៕