រថយន្តចាងហ្វាងកាសែតថ្ងៃថ្មី ត្រូវរថយន្តទំនើបបុកធ្លាក់ស្នាមភ្លោះរួចបើកគេចខ្លួនបាត់
សៀមរាប៖ រថយន្តរបស់ ចាងហ្វាងកាសែតថ្ងៃថ្មី និងជាភ្នាក់ងារ ទូរទស្សន៍ MSJ TV ត្រូវរថយន្តទំនើបម៉ាកលុចស៊ីស៤៧០ មិនស្គាល់អត្តសញ្ញាណ បុកធ្លាក់ស្នាមភ្លោះ ទៅមុខលែងរួចនិង រងរបួសស្រាលខណៈលោកកំពុងចុះយកព័ត៌មាន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង នៅវេលាម៉ោង ២៣និង៣០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុង ភូមិសាស្រ្ត ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។
លោក ទីវ សំអុល ភ្នាក់ងារទូរទស្សន៍ MSJ TV និងជាចាងហ្វាង កាសែតថ្ងៃថ្មី បានឲ្យដឹងនៅ ព្រឹកថ្ងៃទី០៥នេះថា លោកបើករថយន្តតាមផ្លូវម្នាក់ឯងសុខៗ ស្រាប់តែមានរថយន្តម៉ាកលុចស៊ីស៤៧០ មិនស្គាល់អត្តសញ្ញាណ មកបុក ចំពីក្រោយពេញទំហឹងនិង កៀទម្លាក់ស្នាមភ្លោះបណ្តាលលោករងរបួសស្រាល។
ចំណែករថយន្តបង្ក បានបើកគេចខ្លួនបាត់ លោកបន្តថា ភ្លាមៗនោះ លោកបានទំនាក់ទំនង សុំការអន្តរាគមន៍ពីសំណាក់សមត្ថកិច្ចមូលដ្ឋានដែរ តែចាប់រថយន្តបង្កមិនបាន។ លោកបន្ថែមថា ករណីនេះ លោកនិងដាក់ពាក្យបណ្តឹងនៅមូលដ្ឋានខាងលើ ដើម្បីទុកការពារខ្លួនរបស់លោក ក្រែងមានមនុស្សចង់ ធ្វើបាបលោកដោយប្រការណាមួយនោះ។ ក្នុងនោះលោកក៏សូមស្នើឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនបង្ក មកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ ។
អធិការនគរបាលស្រុកពួក គឺ លោកវរសេនីយ៍ឯក ទេព ពុំសែន បានឲ្យដឹងនៅ ព្រឹកថ្ងៃទី០៥នេះថា ករណីនេះខាងលោកបាន ចុះ ជួយអន្តរាគមន៍និងសហការជាមួយអធិការនគរបាលស្រុក ក្រឡាញ់ដែរ តែចាប់មិនបានដោយសារហេតុការណ៍នោះកើត លឿនពេកហើយរថយន្តបង្ក បើកគេចបាត់។
គួរកត់សម្គាល់ផងដែរថា នេះគឺជាករណីទី១នាដើមឆ្នាំ២០១៩ ដែលមាន ការគំរាមកំហែងដល់ អ្នកសារព័ត៌មាននៅក្នុងខេត្តសៀមរាប តែមិនបានសម្រេច។
ប្រភពព័ត៌មាន បានបង្ហើមមកថា នៅក្នុងខេត្តសៀមរាបសព្វថ្ងៃ នេះមានរ ថយន្តដឹកឈើប្រណិតនិងឈើលេខ២សម្រុកដឹកចូលក្នុងខេត្តនិងឆ្លងកាត់ជាច្រើនគ្រឿង ហើយក្នុងនោះភាគច្រើនជា រថយន្តទំនើប អត់ពន្ធ ពាក់ស្លាកលេខ ខ.ម ឯចំពោះសមត្ថកិច្ចជំនាញវិញ ហាក់នៅកំពុងគេង យ៉ាងលក់ស្រួល៕