មនុស្សចំនួន៧២នាក់ក្នុងចំណោម២៥០នាក់ចូលមន្ទីរពេទ្យបន្ទាប់ពីហូបនំបញ្ចុកក្នុងពិធីបុណ្យមួយនៅស្រុកព្រះស្តេច

ខេត្តព្រៃវែង៖ ប្រជាពលរដ្ឋជាង២៥០នាក់ មានអការៈ ក្អួតចង្អោ បន្ទាប់ពីបានហូបនំបញ្ចុកក្នុង ពិធីបុណ្យមួយក្នុងភូមិ ហើយ ក្នុងចំណោមនោះមាន ចំនួន៧២នាក់ធ្ងន់ធ្ងរជាងគេបានបញ្ជនមក មន្ទីរពេទ្យបង្អែក ស្រុកព្រះស្តេច ខេត្តព្រៃវែងប្រជាពលរដ្ឋនិយាយថា បន្ទាប់ពីហូបនំបញ្ចុករួច មនុស្សទាំងក្មេង ទាំងចាស់ បានកើតមានអាការៈចុករាករមួលពោះ និងក្អួតចង្អោ ហើយត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជន និងរដ្ឋ ជាបន្តបន្ទាប់  នៅចន្លោះម៉ោង៩:១០យប់ ថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៩ កន្លងមកនេះ គឺបន្ទាប់ពីពួកគាត់បានទៅចូលរួមនៅក្នុងកម្មវិធីបុណ្យសព៧ថ្ងៃ  របស់អ្នកស្រុក នៅក្នុងភូមិថ្កោល ឃុំបឹងដោល ស្រុកព្រះស្តេច ហើយបានហូបនំបញ្ចុក ដែលម្ចាស់ដើមបុណ្យដាក់ទទួលភ្ញៀវ។

អ្នកមីង យ៉ាន់ លួន អាយុ៥១ឆ្នាំ ជាម្ចាស់ដើមបុណ្យ បាននិយាយថា ថ្ងៃបុណ្យគំរប់៧ថ្ងៃ ប្តីរបស់ខ្ញុំ ខ្ញុំបានអញ្ជើញភ្ញៀវមកចូលរួមចំនួន៣០០នាក់ និងបានទិញបន្លែ និង នំបញ្ចុកចំនួន១៥០គីឡូមកទទួលភ្ញៀវផងដែរ។

ហើយបន្ទាប់ពីបានហូប យប់ឡើងមនុស្សប្រមាណជាង២៥០នាក់ ក្រោយពេលទទួលទាននំបញ្ចុករួច ត្រឡប់ទៅដល់ផ្ទះវិញ ស្រាប់តែកើតមានអាការៈពុលដោយរាកផងក្អួតផងគ្រប់ៗគ្នា សូម្បីតែរូបខ្ញុំផ្ទាល់និងក្រុមគ្រួសារក៏ពុលទាំងអស់ដូចគ្នាដែរ។

ចំណែកអ៊ំស្រី ប៉ាល់ សែម អាយុ៦៣ឆ្នាំ គាត់បានយកចំបញ្ចុកទៅផ្ទះនៅល្ងាចនោះ ហើយព្រឹកឡើងស្រាប់តែឃើញនំបញ្ចុករលួយវ៉ល់ ដូចគេដាក់មេតាប៉ែកាច់ ទើបម្នាក់ៗដឹងថា ពុលនំបញ្ចុក។

នៅព្រឹកថ្ងៃទី៥មិនា លោក ហ៊ន់ រឹទ្ធ អនុប្រធានមន្ទីរសុខាភិបាល ខេត្តព្រៃវែង បានដឹកនាំមន្រ្តីពេទ្យ ខេត្តស្រុក និងឃុំបានចុះទៅដល់ កន្លែងកើតហេតុ និងបាននាំយកថ្នាំពេទ្យព្រមទាំង សម្ភារៈបរិក្ខាពេទ្យជាច្រើន ចុះទៅជួយព្យាបាលជូនជនរងគ្រោះទាំងអស់ ជាមួយលោក ភុន សម្ភស្ស អភិបាល ស្រុកព្រះស្តេច ហើយ ក៏បានបញ្ជាអោយលោកមេភូមិមេឃុំ ចុះត្រួតពិនិត្យមើលតាមផ្ទះ និងបានផ្សព្វផ្សាយប្រមូលអ្នកដែលមានអាការៈពុល ឬមានអាការៈមិនស្រួល អោយមកទទួលការពិនិត្យនិងព្យាបាលពីក្រុមគ្រូពេទ្យគ្រប់ៗគ្នា។

លោក ហ៊ន់ រឹទ្ធ អនុប្រធានមន្ទីរសុខាភិបាល ខេត្តព្រៃវែង បាននិយាយថា ជនរងគ្រោះដែលកើតអាការៈរាករមួល ក្អួតចង្អោ ហើយបានមកទទួលសេវាព្យាបាល ពីក្រុមគ្រូពេទ្យមានចំនួនសរុប៧២នាក់ ក្នុងនោះស្រី៤០នាក់ ដោយចែកចេញជា ៣គោលដៅគឺនៅមណ្ឌលសុខភាពរាធរចំនួន១០នាក់ នៅមន្ទីរពេទ្យបង្អែក ស្រុកចំនួន៤នាក់ និងនៅផ្ទះបុណ្យចំនួន៥៨នាក់។

លោក ហ៊ន់ រឹទ្ធ បានបន្តថា គិតមកដល់រសៀល ថ្ងៃទី៥មិនា ជនរងគ្រោះទាំងអស់ មានអាការៈធូរស្រាលឡើងវិញអស់ហើយ និងមួយចំនួនធំបានវិលត្រឡប់ទៅផ្ទះវិញហើយមូលហេតុពិតនៃការពុល មិនទាន់ដឹងនៅឡើយទេ គឺត្រូវរងចាំយកសំណាកបន្លែ និងនំបញ្ចុក ទៅពិសោធន៌ នៅឡាបូឯរាជធានីភ្នំពេញសិន ទើបដឹងច្បាស់៕

អត្ថបទដែលជាប់ទាក់ទង