ប្រទះឃើញសត្វដំរីងាប់មួយក្បាលនៅក្នុងចម្ការស្វាយចន្ទីរ

ខេត្តមណ្ឌលគិរី៖ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា បានលើកឡើងដូចគ្នាថា សត្វដំរីដែលត្រូវបានប្រទះឃើញដេកងាប់ក្នុងចម្ការស្វាយចន្ទីរបស់ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិស្រែល្វី ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី គឺងាប់ដោយការបាញ់ប្រហារពីសំណាក់ព្រានព្រៃ ដើម្បីកាត់យកភ្លុក និងកន្ទុយ ធ្វើអាជីវកម្ម។ 

ប្រភពបានបន្តថា ក្រោយការធ្វើកោសល្យវិច្ច័យយ៉ាងល្អិតល្អន់នោះ និងត្រឡប់សាកសពសត្វដំរីទៅម្ខាងទៀត នៅល្ងាចថ្ងៃទី២៤ កុម្ភៈ កន្លងទៅនេះ ក្រុមមន្រ្តីជំនាញបានរកឃើញថា សត្វដំរីនេះជាដំរីឈ្មោល និងមានស្នាមគ្រាប់កាំភ្លើងបាញ់ទៅលើវា១គ្រាប់ចំក្បាល ប្រវែងប្រហែល១ចង្អាមពីភ្នែក និងមានស្លាកស្នាមកាត់យកភ្លុកទាំង២របស់វា ព្រមទាំងកន្ទុយផងដែរ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា បានបន្ថែមទៀតថា ខណៈនេះដែរមន្ត្រីជំនាញក៏កំពុងធ្វើការតាមដាន និងស្រាវជ្រាវបន្ត ដើម្បីវែកមុខជនពាក់ព័ន្ធជាមួយការបាញ់សត្វដំរីនេះយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ ហើយចំពោះសត្វដំរីដែលងាប់ខាងលើនេះ និងត្រូវយកទៅកប់នៅកន្លែងសុវត្ថិភាពមួយ ដើម្បីរក្សាគ្រោងឆ្អឹងរបស់វាទុកធ្វើការស្រាវជ្រាវជាបន្តទៀត សម្រាប់ការសិក្សាស្រាវជ្រាវជាផលប្រយោជន៍បែបវិទ្យាសាស្ត្រផ្នែកជីវចម្រុះ។

សូមបញ្ជាក់ថា សត្វដំរីឈ្មោលដែលត្រូវគេសម្លាប់នោះ ត្រូវបានក្រុមមន្ត្រីឧទ្យាននុរក្សប្រទះឃើញ នៅវេលាយប់អាធ្រាត្រថ្ងៃទី ២៣ លុះឈានដល់ព្រឹកថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ២០១៩កន្លងទៅ ទើបមន្ត្រីជំនាញអាចនាំយកសម្ភារៈផ្សេងៗចូលទៅធ្វើកោសល្យវិច្ច័យ រកមូលហេតុនៃការងាប់របស់វាបាន។ ហើយដំរីមួយក្បាលនេះ មានទម្ងន់ប្រហែល២តោន និងមានកម្ពស់២,៧០ម ប្រវែង៤,៥០ម ទទឹង១,៥០ម ។

គួររម្លឹកផងដែរថា តាមរបាយការណ៍របស់មន្ត្រីជំនាញសត្វព្រៃ បច្ចុប្បន្ននេះនៅខេត្តមណ្ឌលគិរី មានសត្វដំរីព្រៃចន្លោះពី ៣៧៥ក្បាល ទៅ៥០០ក្បាលកំពុងរស់នៅ ហើយជារឿយៗហ្វូងសត្វដំរីព្រៃទាំងនេះតែងចូលមករកចំណីស៊ីក្នុងភូមិអ្នកស្រុកផងដែរ ។ ហើយនេះក៏មិនមែនជាលើកទី១ដែរ ដែលមានការប្រទះឃើញសាកសពសត្វដំរីព្រៃ ដោយកន្លងមកអ្នកល្បាតព្រៃក៏ធ្លាប់ប្រទះឃើញខ្មោចសត្វដំរីក្នុងព្រៃច្រើនករណីដែរហើយ ។

ប្រជាពលរដ្ឋបានសំណូមពរដល់លោក កែវ សុភ័ក្រ ប្រ​ធាន​មន្ទីរ​បរិស្ថាន​​គួរតែតាមចាប់ជនល្មើសដែលបាញ់សម្លាប់សត្វដំរីនោះយកភ្លុកមកផ្ដន្ទាទោសទៅតាមផ្លូវ​ច្បាប់៕ ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង