ជំរកល្បែងសុីសងដ៏ធំជាងគេនៅក្នុងខេត្តបាត់ដំបងដែលបើកលេងជាប្រចាំថ្ងៃ មិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចណាមួយហ៊ានចុះបង្ក្រាប

បាត់ដំបង៖ជំរកល្បែងសុីសងដែលធំជាងគេក្នុងខេត្ត បាត់ដំបង ដែលបើកលេងជាប្រចាំ រាល់ថ្ងៃដែលមានទីតាំង នៅតាមបណ្ដោយផ្លូវបេតុង ក្រោយផ្សាភួពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានបើកលេងរៀងរាល់ថ្ងៃដោយពុំខ្លាចញញើតនិងកម្លាំងសមត្ថកិច្ចចុះបង្ក្រាបឡើយ។

តាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្នុង ភូមិអញ្ចាញសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នេះ បានឲ្យអ្នកសារព័ត៌មានដឹងថា ទីតាំងខាងលើនេះ គាត់ឃើញបើកលេងជាប្រចាំ រៀងរាល់ថ្ងៃ មិនដែលខានឡើយ ពួកគាត់បានឲ្យដឹងថា នៅក្នុងកន្លែងនោះ មានលេងល្បែងបៀ អាប៉ោងនិងល្បែងផ្សេងទៀត ហើយមានការចាក់ភ្នាល់លុយ រាប់លានរៀលនិងរាប់ពាន់ដុល្លារ ជាពិសេសស ល្បែងភ្នាល់ទឹកភ្លៀងដែលភ្នាល់ទឹកលុយ រហូតដល់រាប់ម៉ឺនដុល្លារ។

ពួកគាត់ក៏បានបញ្ជាក់ទៀតថា អ្នកដែលមកលេងកន្លែងនេះ មានទាំងកងកម្លាំងដែលស្លៀកឯកសណ្ឋានស៊ីវិល ហើយជិះឡានដែលមានស្លាកលេខ របស់ក្រសួងស្ថាប័ននីមួយៗ ដូចជាខេមរៈភូមិន្ទ នគរបាល មកលេងផងដែរ។

ពួកគាត់បានបន្តថា បើសមត្ថកិច្ចមកលេងល្បែងទាំងនេះដែរតើមាននរណា មកចុះបង្ក្រាបនិងបានដាក់ការសង្ស័យថាប្រហែលជា កន្លែងមួយនេះ បានសែនលុយទៅអោយកម្លាំងជំនាញ អាជ្ញាធរមានសមត្ថកិច្ច ដែលពាក់ព័ន្ធរួចហើយ ទើបកន្លែងមួយនេះបើកលេង ជាអចិន្ត្រៃយ៍ មិនខ្លាចញញើតនឹងការចុះបង្ក្រាប របស់សមត្ថកិច្ចសោះ។

ពួកគាត់បានបន្តទៀតថា រាល់ថ្ងៃនេះ គាត់ភ័យព្រួយចំពោះការបាត់បង់ទ្រព្យសម្បត្តិរបស់ពួកគាត់ ព្រោះតែមានល្បែង ស៊ីសងនេះហើយ ទើបបណ្ដាលអោយមានចោរលួច ចោរប្លន់ធ្វើឲ្យពួកគាត់ភ័យខ្លាច ហើយពួកគាត់ក៏បានសំនូមពរដល់ឯកឧត្តម នាយឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាល ខេត្តបាត់ដំបង មេត្តាចាត់កម្លាំង ចុះមកពិនិត្យនិងបង្ក្រាបទីតាំងលេងល្បែងខាងលើនេះផង និងដើម្បីអោយសមនឹងពាក្យស្លោក ភូមិឃុំ មានសុវត្ថិភាពទាំង 9 ចំណុចរបស់ ប្រមុខរាជរដ្ឋាភិបាល ហើយពួកគាត់សង្ឃឹមនិងជឿជាក់លើ ឯកឧត្តម នាយឧត្តមសេនីយ៍ទោ អ៊ុច សុខុនស្នងការនគរបាលខេត្តបាត់ដំបងនិងមានវិធានការយ៉ាងម៉ឺងម៉ាត់ចំពោះកន្លែងខាងលើនេះផង ៕

អត្ថបទដែលជាប់ទាក់ទង