រដ្ឋបាល សាលាខណ្ឌ ជ្រោយចង្វារ ប្រារព្ធពិធី ទិវាទីក្រុងស្អាត នៅ វិមានឈ្នះឈ្នះ

ភ្នំពេញ៖ នៅថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ 2019 រដ្ឋបាលសាលាខណ្ឌជ្រោយចង្វារ បានប្រារព្ធពិធីទិវាទីក្រុងស្អាត នៅ វិមានឈ្នះឈ្នះ ស្តិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការចូលរួមពីមហាជនប្រមាណ 290 នាក់ ក្នុងនោះមានសិស្សានុសិស្ស ប្រជាការពារ កំលាំងសណ្ដាប់ធ្នាប់ កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ព្រមទាំងប្រជាពលរដ្ឋមួយចំនួនផងដែរ។

ប្រារព្ធនៅក្នុងកម្មវិធីនាព្រឹកនោះដែរ គឺមានការអញ្ជើញចូលរួមពី អភិបាលរង ខណ្ឌជ្រោយចង្វារ ចំនួន 3 រូប តំណាង ឯកឧត្តម ឃ្លាំង ហួត អភិបាលនៃគណៈអភិបាល ខណ្ឌជ្រោយចង្វារនិងជាជំនួយការសម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងឱកាសនោះដែរ លោក កៅ សារ៉ាវុធ អភិបាលរងខណ្ឌជ្រោយចង្វារ បានមានប្រសាសន៍ថា ទិវាទីក្រុងស្អាតនេះគឺត្រូវប្រារព្ធឡើងនៅទីនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការសម្អាត បរិស្ថាន អនាម័យ ទីក្រុងស្អាតរមណីយដ្ឋានស្អាត ដើម្បីសុខភាពប្រជាពលរដ្ឋក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកកំសាន្តនៅ វិមានឈ្នះឈ្នះនេះ ផងដែរ។

បន្ទាប់មកទៀត លោក កៅ សារ៉ាវុធ អភិបាលរង ខណ្ឌជ្រោយចង្វារ បានអានសារលិខិត របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាស្ដីអំពីទិវាទីក្រុងស្អាត ជូនដល់ប្រជាពលរដ្ឋ មន្ត្រីរាជការសិស្សានុសិស្ស កម្លាំងសន្តិសុខ និងកងកម្លាំងទាំងពីរប្រភេទដើម្បីស្ដាប់។

លោកអភិបាលរងខណ្ឌរូបនេះ ក៏បានបញ្ជាក់ដែរថា ពាក់ព័ន្ធនិងការប្រលងប្រជែងដណ្ដើមយកជ័យលាភីទីក្រុងស្អាតនេះ រដ្ឋបាលសាលាខណ្ឌជ្រោយចង្វារគឺទទួលបានជ័យលាភីផ្ការំដួលមួយទង ហើយរដ្ឋបាលខណ្ឌនឹងប្ដេជ្ញាចិត្តដើម្បីដណ្ដើមយកពានរង្វាន់ជ័យលាភីផ្ការំដួល 3 ទង ដែលជាពានរង្វាន់ល្អជាងគេ នៅឆ្នាំបន្តទៀត។

លោក កៅ សារ៉ាវុធ អភិបាលរងខណ្ឌជ្រោយចង្វារ ក៏បានមានមតិផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្សកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវរួមគ្នាដើម្បីសម្អាតទីធ្លាបរិវេណផ្ទះរបស់យើង ទីក្រុងរបស់យើង ទីកន្លែងកំសាន្តរបស់យើងទាំងអស់គ្នា។

ក្រោយពីបញ្ចប់ការអានសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាលរួចមក រដ្ឋបាលសាលាខណ្ឌជ្រោយចង្វារ ក៏បានបែងចែកគ្នាជាបីក្រុម ដើម្បីធ្វើការបោសសម្អាតនិងរើសសំរាមនៅតាមសួនច្បារដងផ្លូវនិងសួនច្បារនៅក្នុងបរិវេណវិមានឈ្នះឈ្នះនេះផងដែរ។

ជាចុងក្រោយមន្រ្តីរាជការនៃសាលាខណ្ឌជ្រោយចង្វារ សិស្សានុសិស្ស កម្លាំងសណ្ដាប់ធ្នាប់ កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ក៏បានថតរូបរួមគ្នាជាអនុស្សាវរីយ៍ ហើយកម្មវិធីប្រារព្ធទិវាទីក្រុងស្អាត នៅវិមានឈ្នះឈ្នះនេះ ក៏បានបញ្ចប់ដោយបរិយាកាស ភាពរីករាយនិងស្និទ្ធស្នាលជាទីបំផុត៕

អត្ថបទដែលជាប់ទាក់ទង